ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី សង្ឃឹមថា អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន នឹងងាកមករក តុចចារគ្នាវិញ

រូបភាព៖Afp

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសបានថ្លែងកាលពីថ្ងៃសុក្រថា លោកសង្ឃឹមថា ប្រទេសអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន នឹងអាចចាប់ផ្តើមរកការចរចាគ្នាឡើងវិញ នៅពេលដ៏ខ្លីខាងមុខនេះ ។

លោក Lavrov បានថ្លែងដូច្នេះថា “ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមករកហេតុផល ហើយអង្គុយនៅតុចចារគ្នា” ដោយបានថ្លែងទៀតថា វានឹងចាំបាច់ ក្នុងការសម្របសម្រួលសកម្មភាពជាក់ស្តែងទាំងអស់ ជាមួយនឹងការសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ហើយក៏ត្រូវគិតគូរពីការពិតថ្មីៗផងដែរ និងរបៀបដែលស្ថានភាពបានវិវត្តតាំងពីឆ្នាំ ១៩៦៧ ។

លោក Alexei Zaitsev អនុប្រធាននាយកដ្ឋានព័ត៌មាន និងសារព័ត៌មាននៃក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានលើកឡើងក្នុងអំឡុង សន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី កំពុងធ្វើការយ៉ាងសកម្ម ដើម្បីធានាការជម្លៀសពលរដ្ឋរុស្ស៊ី ប្រកបដោយសុវត្ថិភាពចេញពីតំបន់ជម្លោះ ។

លោកបានលើកឡើងទៀតថា ប្រទេសរុស្ស៊ី នៅតែទាក់ទងជាមួយតួអង្គសំខាន់ៗ នៅក្នុងតំបន់ ដើម្បីធានាការជម្លៀសពលរដ្ឋ ប្រកបដោយសុវត្ថិភាព តាមរយៈច្រករបៀងមនុស្សធម៌ និងលើបញ្ហាទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា ផងដែរ ។

រីឯអ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងកាលពីថ្ងៃសុក្រថា ការងារកំពុងត្រូវបានអនុវត្ត ដើម្បីកំណត់អត្តសញ្ញាណពលរដ្ឋរុស្ស៊ី ទាំងនោះ ដែលមានបំណងចង់ចាកចេញ ពីតំបន់ជម្លោះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top