ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីក វិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ” ។
យោងតាមសេចក្តីជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៩តុលានេះ បានឲ្យដឹងថា “ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ ជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាត ឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទ ឆ្លងកាត់មហាវិថីឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅ រហូតដល់ ផ្លូវជាតិលេខ៤ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី” ។
សូមបញ្ជាក់ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅភូមិ កប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្ថិតលើមហាវិថីឈ្នះឈ្នះ ៕