ព័ត៌មានអន្តរជាតិ

អាមេរិក មិនរារាំងជប៉ុន បង្ហូរសារធាតុវិទ្យុសកម្មចូលសមុទ្រ ព្រោះក្រោយខ្នង មានប្រយោជន៍ហិរញ្ញវត្ថុ?

ភ្នំពេញ៖ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣នេះ ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្ម ដែលជាសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ជារោងចក្ររងការវាយប្រហារ ដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ ការបង្ហូរចេញគឺធ្វើឡើងបន្ដិចម្ដងៗ ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ៣០ឆ្នាំទើបអស់ មិនអាចបង្ហូរទាំងគំហុកបានទេ ខណៈទឹកកាកសំណល់នុយក្លេអ៊ែរនេះ មានសរុបប្រមាណជាង ១លានតោនឯណោះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលជប៉ុនកន្លងមក។

កិច្ចប្រឹងប្រែងឥតឈប់ឈររបស់ជប៉ុន ក្នុងការព្យាយាមបង្ហូរសារធាតុវិទ្យុសកម្ម ចូលក្នុងមហាសមុទ្រ ក៏ព្រោះថាស៊ីទែនស្តុកទឹកសំណល់នឹងពេញ នៅដើមឆ្នាំ២០២៤ ខាងមុខនេះហើយ។ ចៀសវាងមានក្ដីកង្វល់កើតឡើង ចំពោះការបង្ហូរទឹកវិទ្យុសកម្មនេះ ជប៉ុនបានអះអាងថាមុនបញ្ចេញទឹកនេះ បន្តិចម្តងៗទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទឹកកាកសំណល់នុយក្លេអ៊ែរត្រូវបាន ច្រោះសម្អាតធាតុវិទ្យុសកម្មចេញភាគច្រើន ដើម្បីចៀសវាងផលប៉ះពាល់ដល់មនុស្ស សត្វ ក៏ដូចជាបរិស្ថាន។

ទឹកត្រូវបានឆ្លងកាត់ការចម្រោះ យ៉ាងស្មុគស្មាញយកធាតុវិទ្យុសកម្មចេញ បន្ទាប់មកពង្រាវដើម្បីកាត់បន្ថយកម្រិត ទ្រីទីយ៉ូម(Tritium) ដែលជាអ៊ីសូតូបវិទ្យុសកម្មនៃ អ៊ីដ្រូសែនពិបាកបំបែកចេញពីទឹក។ ក្រសួងបរិស្ថានជប៉ុនបាននិយាយថា សំណាកពី១១ទីតាំង នៅជិតរោងចក្របង្ហាញពីកម្រិតទ្រីទីយ៉ូម (Tritium) មានទាបណាស់ ដែលមិនបង្កផលប៉ះពាល់អាក្រក់ ដល់សុខភាពមនុស្ស និងបរិស្ថានទេ។

ម្យ៉ាងវិញទៀតជប៉ុនបញ្ជាក់ថា ផែនការនេះក៏មានការអនុម័តយល់ព្រម ពីអ្នកជំនាញឃ្លាំមើលនុយក្លេអ៊ែរ នៅស្ថាប័នអង្គការសហប្រជាជាតិផងដែរ ដែលបានចូលរួមសិក្សាវាយតម្លៃផលប៉ះពាល់។ ចំណែកទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA) បានយល់ព្រមបើកភ្លើងខៀវ លើគម្រោងស្នើឡើងដោយរដ្ឋាភិបាលជប៉ុនដូចគ្នា។ ដូច្នេះទីក្រុងតូក្យូសង្ឃឹមថា ការធ្វើតេស្តវិទ្យុសកម្មជាទៀងទាត់ នៅក្នុងដែនទឹកក្បែររោងចក្រនេះ អាចបន្ធូរបន្ថយកង្វល់ពីប្រទេសជិតខាង និងក្រុមអ្នកនេសាទបាន។

ប៉ុន្ដែទោះបីជាមានការពន្យល់ ឬលើកទឡ្ហីករណ៍មកអះអាងថា គ្មានផលប៉ះពាល់យ៉ាងណាក៏ដោយ ក៏ប្រទេសជំទាស់នឹងសកម្មភាពនេះនៅមិនអាច ទទួលយកហេតុផលរបស់ជប៉ុនបានឡើយ។ កុំថាតែប្រទេសដទៃ សូម្បីតែប្រជាជនជប៉ុនខ្លួនឯងក៏មានអ្នកជំទាស់ ពិសេសគឺក្រុមអ្នកនេសាទជប៉ុន ព្រោះពួកគេបារម្ភខ្លាចខូចកេរ្តិ៍ឈ្មោះ គ្រឿងសមុទ្ររបស់ពួកគេ។ ក្រុមអ្នកនេសាទនៅប្រទេសចិន និងកូរ៉េខាងត្បូងឯណោះវិញ ក៏បានលើកឡើងអំពីការព្រួយបារម្ភរបស់ពួកគេ ដែលនាំឱ្យរឿងនេះក្លាយទៅជា រឿងនយោបាយនិងការទូតដ៏ចម្រូងចម្រាស។ ប្រទេសដែលប្រឆាំងដាច់ខាតនឹងការ បង្ហូរសារធាតុវិទ្យុសកម្មរបស់ជប៉ុន គឺប្រទេសក្បែរខាងជប៉ុនផ្ទាល់តែម្ដងដូចជាចិន រុស្ស៊ី និងកូរ៉េខាងត្បូង។ រដ្ឋទាំងបីពិតជាដាក់ការ ព្រួយបារម្ភខ្លាំងក្លាបំផុត ក្រោយមានមន្ទិលមួយចំនួននៅក្នុងសង្វាក់ នៃការងារបញ្ចេញទឹកកាកសំណល់ នុយក្លេអ៊ែរចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ចំណុចដែលធ្វើឱ្យរដ្ឋទាំងនេះសង្ស័យ គឺនាពេលកន្លងមកជប៉ុនធ្លាប់បានអះអាងថា ប្រសិនបើធាតុអាកាសមិនអំណោយផល ពេលវេលានៃការបញ្ចេញទឹកខ្វក់នឹងត្រូវពន្យារពេល។ ការណ៍នេះបានធ្វើឱ្យមានសំណួរចោទឡើងថា ហេតុអ្វីការបញ្ចេញទឹកខ្វក់ត្រូវពឹងផ្អែកលើធាតុអាកាស? ឬមួយក៏ព្រោះតែបើទិសខ្យល់ខុស ប្រក្រតីអំឡុងពេលបង្ហូរចេញ ទឹកដែលហូរចេញនឹងត្រឡប់ទៅកាន់ ប្រទេសជប៉ុនវិញបង្កឱ្យមានគ្រោះថ្នាក់? បើជប៉ុនខ្លួនឯងក៏ខ្លាចអំណាចនៃ ការបំពុលរបស់សារធាតុនុយក្លេអ៊ែរដែរ ហេតុដូចម្ដេចបានជាជប៉ុន នៅតែទទូចឱ្យបញ្ចេញវាចោលទៀត?

មានការសន្មត់ថា ក្នុងករណីសារធាតុដែលបញ្ចេញចោលមានជាតិពុល នោះវានឹងរីករាលដាលពាសពេញ ពិភពលោកក្នុងរយៈពេល១០ឆ្នាំ, គ្របដណ្ដប់នៅតំបន់ប៉ាស៊ីហ្វិកខាងជើង​ ក្នុងរយៈពេល១,២០០ថ្ងៃ, រាលដាលដល់តំបន់ឆ្នេរនៃ ប្រទេសកូរ៉េខាងត្បូងក្រោយរយៈពេល២៤០ថ្ងៃ ខណៈវាអាចរាលដាលដល់តំបន់ភាគច្រើន នៃមហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេលតែ ៥៧ថ្ងៃប៉ុណ្ណោះ។ ចុះបើទង្វើនេះគឺជាគ្រោះមហន្ដរាយ សម្រាប់មនុស្សជាតិទាំងមូល ហេតុអ្វីបានជាមានតែប្រទេសចិន រុស្ស៊ី និងកូរ៉េខាងត្បូង ចេញមុខប្រឆាំង ខណៈបណ្ដាប្រទេសលោកខាងលិច ដែលយកចិត្ដទុកដាក់បំផុតចំពោះបញ្ហាសន្ដិសុខ និងការការពារបរិស្ថានបែរជានៅស្ងៀមទៅវិញ?

មែនទែនទៅ នៅពីក្រោយការបង្ហូរសារធាតុវិទ្យុសកម្ម ដែលជាកាកសំណល់នុយក្លេអ៊ែររបស់ជប៉ុន អាចជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍឧស្សាហកម្ម ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។ ចំពោះតួអង្គស្នូលនៃបញ្ហានេះ មិនមែនជារដ្ឋាភិបាលជប៉ុនទេ ប៉ុន្ដែជាក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (Tokyo Electric Power Company) ហៅកាត់ថា TEPCO។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ គឺជាសហគ្រាសឯកជនសុទ្ធសាធ មិនមែនជាសហគ្រាសរបស់រដ្ឋឡើយ។

ចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំង បង្កជារលកយក្សស៊ូណាមិវាយប្រហារលើកោះ Honshu របស់ជប៉ុនក្នុងឆ្នាំ២០១១ ដែលធ្វើឱ្យមានការលេចធ្លាយសារធាតុនុយក្លេអ៊ែរ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ក្រុមហ៊ុន TEPCO ជាម្ចាស់រោងចក្រ Fukushima គឺជាភាគីទទួលខុសត្រូវ ទាំងស្រុងចំពោះរោងចក្រនេះ រួមទាំងឧប្បត្ដិហេតុដែលបានកើតឡើង។ វាមិនត្រឹមតែមានការធ្លាក់ចុះ តម្លៃភាគហ៊ុនប៉ុណ្ណោះទេ ប៉ុន្ដែក្រុមហ៊ុននេះបានទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ ទៅលើសំណងនិងថ្លៃដើមផលិតកម្ម។

បន្ទាប់ពីលេចធ្លាយសារធាតុនុយក្លេអ៊ែរនៅរោងចក្រ Fukushima មនុស្សជិត១០ម៉ឹននាក់ត្រូវបានជម្លៀសចេញ ហើយផលិតផលកសិកម្មនាំមកពីខេត្ដFukushima និងតំបន់ក្បែរនោះក៏ត្រូវដកចេញពីទីតាំង លក់ដូរក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនTEPCOត្រូវចំណាយវាល់លានយេន សម្រាប់សំណងដោយសារតែការ លេចធ្លាយសារធាតុនុយក្លេអ៊ែរ និងសំណងដែលពាក់ព័ន្ធ។ តែថ្វីបើបែបនេះ តាមពាក្យចចាមអារ៉ាមកន្លងមកលើកឡើងថា ក្រុមហ៊ុនTEPCOជាអ្នកផ្គត់ផ្គង់ថាមពលទៅកាន់ ទីក្រុងតូក្យូនិងខេត្ដជុំវិញចំនួន៧ទៀត មិនថាជួបបញ្ហាប្រឈមអាក្រក់យ៉ាងណាក៏ដោយ ក្រុមហ៊ុននេះនឹងមិនដួលរលំដាច់ខាត។ តើមានអ្វីនៅពីក្រោយក្រុមហ៊ុនមួយនេះ?

ក្រោយពីរងសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំង ក្រុមហ៊ុនTEPCO បានប្រកាសធ្វើឯកជនភាវូបនីយកម្ម របស់ខ្លួននៅក្នុងឆ្នាំ២០១៦ ហើយម្ចាស់ភាគហ៊ុនធំជាងគេរបស់ TEPCO គឺBlackRock។ BlackRock ជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគយក្សរបស់មេរិក។ BlackRockមិនត្រឹមតែមានភាគហ៊ុន នៅក្នុងក្រុមហ៊ុននៅជប៉ុនទេ គឺមានអតិថិជននៅក្នុងបណ្ដាប្រទេស សរុបប្រមាណ១០០ឯណោះ។ ប្រសិនបើមិនស្គាល់ BlackRock អ្នកក៏ទំនងជាធ្លាប់លឺផ្សារភាគហ៊ុនNew York Stock Exchange ដែលក្រុមហ៊ុនBlackRock បានដាក់លក់ភាគហ៊ុនរបស់ខ្លួនតាម New York Stock Exchange តាំងពីឆ្នាំ១៩៩៩។ ចំពោះម្ចាស់ភាគហ៊ុនធំទី២របស់TEPCO គឺក្រុមហ៊ុនVanguard ខណៈម្ចាស់ភាគហ៊ុនទី៣ គឺក្រុមហ៊ុនសន្ដិសុខធំបំផុតរបស់ជប៉ុន Nomura Holdings។ Vanguard និងNomura Holdings ក៏សុទ្ធតែជាដៃគូរបស់BlackRock។

ក្រុមហ៊ុនBlackRock ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ មកដល់បច្ចុប្បន្នគ្រប់គ្រងទ្រព្យសកម្មដល់ទៅ ១០ពាន់ពាន់លានដុល្លារអាមេរិក ធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុន គ្រប់គ្រងទ្រព្យសកម្មធំបំផុតនៅលើពិភពលោក។ BlackRock ក៏ត្រូវបានចាត់ទុកជាភ្ញៀវពិសេស របស់រតនាគារអាមេរិក, ធនាគារកណ្ដាលអាមេរិក និងមូលនិធិសោធននិវត្ដន៍ របស់រដ្ឋាភិបាលជប៉ុនផងដែរ។ ធនាគារយក្សរបស់ជប៉ុនSumitomo Mitsui និង Mizuho ដែលធ្លាប់បានផ្ដល់ប្រាក់កម្ចី បន្ទាន់ដល់ក្រុមហ៊ុនTEPCO ក៏បានលេចឈ្មោះជាថ្មីម្ដងទៀត នៅក្នុងបញ្ជីភាគហ៊ុនធំរបស់ក្រុមហ៊ុន BlackRock និងVanguard។

ជារួមក្រុមហ៊ុនដែលបានលើកឡើងខាងលើនេះ សុទ្ធតែមានភាគហ៊ុនរកស៊ីជាមួយគ្នា ហើយក៏មិនអាចប្រកែកបានក្រុមហ៊ុនTEPCO ពិតជាមានទំនាក់ទំនងជាមួយក្រុមហ៊ុន BlackRock។ ដូច្នេះវាត្រូវបានគេមើលឃើញថា កម្លាំងជំរុញនៅពីក្រោយបញ្ចេញកាកសំណល់ នុយក្លេអ៊ែររបស់ក្រុមហ៊ុនជប៉ុនTEPCO មិនមែនជារដ្ឋាភិបាលជប៉ុនទេ ប៉ុន្ដែគឺជាចង្កោមក្រុមហ៊ុនវិនិយោគកំពូលៗនៅអាមេរិក ហើយលោកខាងលិចពិសេសអាមេរិក មិនរារាំងថែមទាំងគាំទ្រការបង្ហូរសារធាតុ នុយក្លេអ៊ែររបស់ជប៉ុន ក៏អាចដោយសារតែមានផល ចំណេញផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចធំធេង ហេតុនេះបើធ្វើឱ្យម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន TEPCO មិនសប្បាយចិត្ដ អាមេរិកអាចនឹងបាត់ប្រយោជន៍ក៏ថាបាន។

គួរជម្រាបថា បន្ទាប់ពីមានបញ្ហានៅរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima ចំនួនអ្នកជំងឺមហារីកនៅក្នុងប្រទេសជប៉ុន បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយអត្រានៃជំងឺក្រពេញទីរ៉ូអ៊ីត នៅក្នុងស្រុកបានកើនឡើង១១៨ដង។ ទោះជប៉ុនអះអាងថាជាតិវិទ្យុសកម្ម នៅក្នុងទឹកដែលបង្ហូរចេញនោះមានកម្រិតវិទ្យុសកម្មទាប ឬស្ទើរតែគ្មានក៏ដោយ អ្នកវិទ្យាសាស្ត្រខ្លះនិយាយថា ផលប៉ពាល់រយៈពេលយូរនៃជាតិវិទ្យុសកម្ម ដែលមានកម្រិតទាបនៅក្នុងទឹកត្រូវតែ មានការដោះស្រាយ ហើយវាក៏ជាក្ដីកង្វល់ដែលពិភពលោក ទាំងមូលត្រូវពិចារណា មិនដូច្នេះទេវានឹងបង្កផលប៉ះពាល់ទាំងទៅដល់ជីវិតមនុស្ស សត្វ ក៏ដូចជាបរិស្ថាន៕ ប្រភព៖ អ្នកនិពន្ធ PP

To Top