ព័ត៌មានជាតិ

លោក ឃួង ស្រេង ផ្ញើសាររំលែកទុក្ខ ជូនលោកស្រី គឹម ម៉ានី ប្រាក់វណ្ណឌី និងក្រុមគ្រួសារនៃសព

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី គឹម ម៉ានី ប្រាក់វណ្ណឌី និងក្រុមគ្រួសារនៃសព ក្រោយលោកនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវជាស្វាមីបានទទួលមរណភាព ។

យោងតាមសារលិខិតកាលពីថ្ងៃទី២៣ តុលា បានឲ្យដឹងថា “ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានក្តីរន្ធត់ចិត្តឥតឧបមា និងមាន សេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០និង១០ នាទី ក្នុងជន្មាយុ ៦៤ ឆ្នាំ ដោយរោគាពាធ” ។

លិខិតបញ្ជាក់ថា “មរណភាពរបស់ ឯកឧត្តម ប្រាក់ វណ្ណឌី គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក និងញាតិមិត្តនៃក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនមួយរូប ដែលធ្លាប់មានស្នាដៃរួមចំណែកយ៉ាងសកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីជាមួយរាជរដ្ឋាភិបាលកម្ពុជា បម្រើជាតិមាតុភូមិ ជាពិសេសក្នុងតួនាទីជានាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងរយៈពេលកន្លងមក”។

លោក ឃួង ស្រេង មានប្រសាសន៍ថា “ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគ ជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ប្រាក់ វណ្ណឌី សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ”៕

To Top