ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ៖ មនុស្សមិនអាចរស់នៅលើកោះ ពោរពេញដោយទ្រព្យសម្បត្តិហូរហៀររ ប៉ុន្តែហ៊ុំព័ទ្ធដោយសមុទ្រ នៃភាពក្រីក្រនោះទេ

ភ្នំពេញ ៖ ថ្លែងក្នុងវេទិការបស់ប្រទេសចិន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា មនុស្សមិនអាចរស់នៅលើកោះ ពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុំព័ទ្ធទៅដោយសមុទ្រ នៃភាពក្រីក្រនោះទេ។

នាឱកាសអញ្ជើញចូលរួមសន្និសិទអន្តរជាតិ ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០ លើគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន លើទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ក្រោមអធិបតីភាពលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញអំពីលទ្ធផលជាវិជ្ជមានសំខាន់ៗ ដែលកើតមានឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ដោយឈរលើគោលការណ៍ទាំង៤ គឺមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី Xi Jinping កាលពី ១០ឆ្នាំមុន។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា លទ្ធផលគួរឲ្យកត់សម្គាល់ដែលសម្រេចបានពីគោលការណ៍ទាំងនេះរួមមាន ការរក្សាបាននូវស្ថិរភាពក្នុងតំបន់ ការផ្តល់ផលប្រយោជន៍ជារួមលើកិច្ចការអភិវឌ្ឍនៅក្នុងតំបន់ ជាក់ស្តែងកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវបានផ្តល់នូវការតភ្ជាប់ កំណើនសេដ្ឋកិច្ច និងបង្កើតកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់ការ អភិវឌ្ឍក្នុងប្រទេសកម្ពុជា។ សមិទ្ធផលដែលកើតចេញពីកម្មវិធីនេះមានជាអាទិ៍ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្លូវល្បឿនលឿនតភ្ជាប់ក្រុងភ្នំពេញទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតភ្ជាប់ទៅព្រំប្រទល់វៀតណាម ព្រមទាំងផ្លូវដទៃផ្សេងៗជាច្រើនទៀតប្រមាណ ៣០០០គីឡូម៉ែត្រ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវបានជួយប្រជាជនកម្ពុជាឱ្យចាកផុតពីភាពក្រីក្រ និងជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ត្រឹមឆ្នាំ២០៥០។ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន មានសក្ខីភាពរួចជាស្រេចដូចជា ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលផ្តល់ការសហការ និងយោគយល់ជាច្រើនដល់ប្រទេសនៅក្នុងតំបន់។

លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា «លើទស្សនទាន ដែលមនុស្សមិនអាចរស់នៅលើកោះ ដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុំព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ។ ឆ្លុះបញ្ចាំងលើទស្សនទាននេះ កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ បានជួយជំរុញឲ្យកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ អាចពង្រីកខ្លួនបានកាន់តែធំជាងមុន ខណៈពេលដែលសមុទ្រនៃភាពក្រីក្រត្រូវបានកាត់បន្ថយ»។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរកម្ពុជា-ចិន បន្តកិច្ចសហប្រតិបត្តិការរួមគ្នាបន្តទៅមុខទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងមូល៕

To Top