អាស៊ាន៖ រដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសន្យាពង្រឹងភាពជាដៃគូរបស់ខ្លួន ក្នុងវិស័យវប្បធម៌ និងសិល្បៈ សំដៅលើកកម្ពស់តួនាទីនៃវប្បធម៌ និងសិល្បៈអាស៊ានឱ្យមានការរួមបញ្ចូល និងនិរន្តរភាព។
យោងតាមរបាយការណ៍ របស់ទូរទស្សន៍ជាតិ ឡាវ កាលពីថ្ងៃពុធ ប្រធានបទកំពុងពិភាក្សា ដោយប្រតិភូអាស៊ាន នៅក្នុងកិច្ចប្រជុំលើកទី១៩ នៃមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈ និងកិច្ចប្រជុំពាក់ព័ន្ធ ជាមួយដៃគូសន្ទនា ពីថ្ងៃអង្គារដល់ថ្ងៃពុធ។
កិច្ចប្រជុំនេះធ្វើឡើងនៅស្រុក Vangvieng នៃខេត្តវៀងចន្ទន៍ ប្រទេសឡាវ ក្រោមប្រធានបទ “ការលើកកម្ពស់តួនាទីនៃវប្បធម៌ និងសិល្បៈអាស៊ាន ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
ក្នុងចំណោមអ្នក ដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានអភិបាលរងខេត្តវៀងចន្ទន៍ លោក Daoheuang Nanthavong អគ្គលេខាធិការរងអាស៊ាន សម្រាប់សហគមន៍សង្គមវប្បធម៌អាស៊ាន Ekkaphab Phanthavong និងឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកអាស៊ាន ទីម័រឡេស្តេ និងប្រទេសអាស៊ានបូកបី។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោក Suanesavanh Vignaket បានលើកឡើងថា “យើងដឹងហើយថា វប្បធម៌ និងសិល្បៈ គឺជាវិស័យដ៏សំខាន់មួយ ក្រោមសសរស្តម្ភនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំង ក្នុងការពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធមិនត្រឹមតែក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ”។
លោកស្រីបានប្រាប់អង្គប្រជុំថា “វិស័យនេះដើរតួនាទីយ៉ាងរឹងមាំ ក្នុងការអនុវត្ត និងសម្រេចបាននូវផែនការយុទ្ធសាស្រ្តអាស៊ាន សម្រាប់វប្បធម៌ និងសិល្បៈ ២០១៦-២០២៥ និង ASCC Blueprint ឆ្នាំ២០២៥”៕
ប្រែសម្រួល ឈូក បូរ៉ា