កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២៣ នេះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ ក្នុងពិធីប្រណាំងទូក «ង» បណ្ដែតប្រទីប និងអុជកាំជ្រួច តាំងពិរព័រណ៍ ក្នុងក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ត្រួតពិនិត្យ នៃការរៀបចំកម្មវិធីប្រណាំងទូក បណ្ដែតប្រទីប និងអុជកាំជ្រួច តាំងពិរព័រណ៍ ដើម្បីអបអរសាទរ នៃបុណ្យចេញព្រះវស្សា នាថ្ងៃទី ២៨ – ២៩ ខែតុលាឆ្នាំ ២០២៣ ខាងមុខនេះ ពោលគឺ នៅសល់រយៈពេលតែ ២ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីនឹងមកដល់ ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា មួយរយៈកន្លងមកនេះ អនុគណៈកម្មការជំនាញទាំង ៨ ដែលមាន លោក-លោកស្រី អភិបាលរងខេត្ត ជាប្រធាន បានខិតខំរៀបចំកិច្ចការនេះ ក្នុងការចាត់ចែងដោយផ្ទាល់នៅទីកន្លែង ជាលទ្ធផលការងារសម្រេចបាន ក្នុងរង្វង់ ៨០% ហើយ មកដល់ពេលនេះ ។ ដូច្នេះយើងចាំបាច់ ត្រូវការប្រជុំ ត្រួតពិនិត្យ ឆ្លងនូវការងារមួយចំនួនបន្ថែមទៀត ឈានឆ្ពោះក្នុងការរៀបចំការងារនេះ ប្រព្រឹត្តទៅឲ្យទទួលបាន នូវលទ្ធផលល្អប្រសើរ ៕