ព័ត៌មានជាតិ

កម្ពុជា លើកទឹកចិត្តឲ្យកាណាដា បង្កើនវិនិយោគបន្ថែមទៀត

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យកាណាដា បង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី ។

ក្នុងជំនួប នាថ្ងៃទី២៥ តុលា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសកាណាដា ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក បានសម្តែងសេចក្ដីពេញចិត្តយ៉ាងខ្លាំង ចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកសាងសមត្ថភាព ទេសចរណ៍ ដល់ការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព។

ជាមួយគ្ននោះលោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនកាណាដា និងបានលើកទឹកចិត្តឲ្យភាគីកាណាដា បង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូង រវាងក្រសួងការបរទេសទាំងពីរ នាអនាគតពេលខាងមុខ។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកស្រីទូត ក៏បានគូសបញ្ជាក់ អំពីការត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ៕

To Top