ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើពិពិធកម្មទីផ្សារ​ សម្រាប់ការនាំចេញ ទៅកាន់អេមីរ៉ាតអារ៉ាប់រួម

រូបភាព៖ AKP

ភ្នំពេញ៖ កម្ពុជាកំពុងបន្តនីតិវិធី ក្នុងការអនុម័ត លើកិច្ចព្រមព្រៀង​ ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃអេមី រ៉ាតអារ៉ាប់រួម ធ្វើយ៉ាងណា អាចឲ្យកម្ពុជា មានលទ្ធភាព ក្នុងការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញ ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ទាក់ទាញទីផ្សារពីតំបន់បជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ។

យោងតាមលទ្ធផល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ តុលានេះ បានបង្ហាញឲ្យដឹងថា សំណើសុំការយល់ព្រម​ ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមី រ៉ាតអារ៉ាប់រួម ត្រូវបានយកមកពិភាក្សា ក្នុងកិច្ចប្រជុំពេញអង្គនាថ្ងៃនេះ ។

ក្នុងលទ្ធផលកិច្ចប្រជុំខាងលើនេះ បញ្ជាក់ថា “សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួម ត្រូវបានរៀបចំឡើង ចំនួន ៣មាត្រា។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ រវាងរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។

យោងតាមលទ្ធផលដដែល​ បានបញ្ជាក់ថា “តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាព ក្នុងការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ទាក់ទាញទីផ្សារពីតំបន់បជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ព្រមទាំងជួយជំរុញនិងទាក់ទាញ ក្រុមហ៊ុនវិនិយោគ និងភ្ញៀវទេសចរពីអេមីរ៉ាតអារ៉ាប់រួម មកកាន់កម្ពុជាផងដែរ”៕

To Top