ភ្នំពេញ៖ កម្ពុជា-អូស្ត្រាលី ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ នៅកម្ពុជា នាឆ្នាំ២០២៤ ដើម្បីជំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ។
នេះបើតាមការបញ្ជាក់ក្នុងជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពូជា និងលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងជំនួបនោះដែរឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងពង្រឹងទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា និងអូស្រ្តាលី។
ជាមួយគ្នានោះភាគីទាំងពីរ បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការជំរុញឱ្យ កាន់តែស៊ីជម្រៅលើវិស័យដែលមានសក្ដានុពល នៃកិច្ចសហប្រតិបត្តិការ រួមមាន ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម សន្តិសុខនិងការពារជាតិ និងការអភិវឌ្ឍធនធានមនុស្ស។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពដ៏យូរអង្វែង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ ក៏ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ នៅកម្ពុជា នៅឆ្នាំ២០២៤ ដើម្បីជំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ៕