បរទេស៖ មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារហៅកាត់ថាUNICEF បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានបទឈប់បាញ់នៅ ក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយនិយាយថា ជម្លោះកំពុងសម្លាប់កុមាររាប់ពាន់នាក់នៅហ្គាហ្សា និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀត ប្រឈមនឹងហានិភ័យពីអំពើហិង្សា និងវិបត្តិទឹកជាដើម។
អ្នកនាំពាក្យរបស់អង្គការ UNICEF លោក James Elder បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅទីក្រុងហ្សឺណែវថា៖ហ្គាហ្សាបានក្លាយជាទីបញ្ចុះសពរបស់កុមាររាប់ពាន់នាក់។ លោកបានកត់សម្គាល់ថា កុមារជាង៣៤៥០នាក់មកហើយនៅភាគីខាងប៉ាឡេស្ទីនត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់កើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។
ការអត្ថាធិប្បាយរបស់គាត់ធ្វើឡើងនៅពេលដែលអ៊ីស្រាអែលកំពុងចាប់ផ្តើមបង្កើនការវាយលុកដីរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកររបស់ក្រុមហាម៉ាសដែលបានសម្លាប់មនុស្សប្រហែល១៤០០នាក់កាលពីថ្ងៃទី៧ខែតុលា។
គួរឲ្យដឹងដែរថា គិតត្រឹមបញ្ហាប្រព័ន្ធចែកចាយទឹករបស់ហ្គាហ្សាដែលបានចុះខ្សោយ ដោយសារជម្លោះដែលរួមចំណែកដល់ចំនួនអ្នកស្លាប់សរុបជាង៨០០០នាក់រួចទៅហើយនៅក្នុងទឹកដីនេះ៕
ប្រែសម្រួល៖ស៊ុនលី