ព័ត៌មានអន្តរជាតិ

អាមេរិក និងចិន ស្ថិតក្នុងកិច្ចព្រមព្រៀងជាមូលដ្ឋាន ដើម្បីរៀបចំកិច្ចប្រជុំកំពូល

Kyodo

វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន មានកិច្ចព្រមព្រៀងជាមូលដ្ឋានមួយ ក្នុងការរៀបចំកិច្ចប្រជុំកំពូលនៅចុងខែនេះ រវាងប្រធានាធិបតីនៃប្រទេសទាំងពីរ ខណៈពេលដែលកំពុងស្វែងរកការធានាថា មិនមានការភ័ន្តច្រឡំអំពីផែនការ ជាមួយទីក្រុងប៉េកាំង។

លោកស្រី Emilie Simons អនុលេខាផ្នែកសារព័ត៌មានរបស់សេតវិមានបានឲ្យដឹងថា “ខ្ញុំមិនចង់ទៅមុនកន្លែង ដែលយើងស្ថិតនៅក្នុង ដំណើរការរៀបចំផែនការភស្តុភារទេ ប៉ុន្តែយើងបានយល់ព្រមលើកិច្ចប្រជុំជាគោលការណ៍” ​យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីដាក់ផែនការទាំងនោះរួមគ្នា”។

ក្នុងការនិយាយទៅកាន់ អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ក្នុងពេលធ្វើដំណើរជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់រដ្ឋ Minnesota លោកស្រីក៏បានឲ្យដឹងផងដែរថា “យើងទាំងអស់គ្នានៅលើទំព័រតែមួយ” ហើយប្រទេសទាំងពីរបាន “ទទួលស្គាល់ជាទៀងទាត់ នូវសារៈសំខាន់នៃបណ្តាញអ្នកដឹកនាំ ទៅអ្នកដឹកនាំក្នុងការគ្រប់គ្រងបញ្ហានេះ ​និង ទំនាក់ទំនងទ្វេភាគី”។

កាលពីសប្តាហ៍មុន អ្នកការទូតកំពូលរបស់ប្រទេសចិន លោក វ៉ាង យី បានជួបជាមួយលោក បៃដិន ទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់លោក Jake Sullivan និងរដ្ឋលេខាធិការ Antony Blinken នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ ដែលមានរយៈពេលប្រហែល ១០ម៉ោងក្នុងរយៈពេលពីរថ្ងៃ ភាគីទាំងពីរបាននិយាយថា ពួកគេបានយល់ព្រមធ្វើការឆ្ពោះទៅ រកកិច្ចប្រជុំកំពូលរវាងលោក បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅលើជ្រុងនៃកិច្ចប្រជុំមេដឹកនាំនៃ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក​ នៅពាក់កណ្តាលខែវិច្ឆិកា នៅសាន់ហ្វ្រាន់ស៊ីស្កូ។

ទោះបីជាយ៉ាងណាក៏ដោយ បើប្រៀបធៀបជាមួយសមភាគីអាមេរិករបស់ពួកគេ មន្ត្រីចិនរួមទាំងលោក វ៉ាង យី បានប្រុងប្រយ័ត្នជាងមុនក្នុងការ ជ្រើសរើសពាក្យរបស់ពួកគេ អំពីកិច្ចពិភាក្សាទល់មុខគ្នា ដែលបានគ្រោងទុករវាងប្រធានាធិបតីទាំងពីរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top