ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា​ សំណូមពរវៀតណាម បន្តសម្របសម្រួលពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាព ពលរដ្ឋនៅតាមព្រំដែន

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទំាងសងខាង ក៏ដូចជាការធ្វើឲ្យកម្ពុជាកាន់តែមានលទ្ធភាពអភិវឌ្ឍន៍ ជាពិសេសការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួននៅតាមខេត្តជាប់ព្រំដែនបានប្រសើរឡើង។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូចនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ៣ វិចិ្ឆកា ។

សម្តេច ឃួន សុដារី កត់សម្គាល់ថា ឈរលើមូលដ្ឋាននៃចំណងទាក់ទងរវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ជាតិ តំបន់ និងពិភពលោកមានការវិវត្ត ប្រែប្រួល និងផ្លាស់ប្តូរយ៉ាងណាក៏ដោយ តែចំណងមិត្តភាពជាប្រពៃណីដែលបានចាក់ឬសយ៉ាងជ្រៅ រវាងកម្ពុជានិងវៀតណាមនៅតែបន្តឈរ ស្ថិតស្ថេរយ៉ាងរឹងមាំ និងលូតលាស់ទ្វេឡើងថែមទៀត ទំាងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ទោះបីក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏រដ្ឋសភានៃប្រទេសទាំងពីរនៅតែបានបន្តទំនាក់ទំនងនិងធ្វើសកម្មភាពសំខាន់ៗជាមួយគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌសភាតំបន់ និងសកលលោក រួមមាន AIPA, IPU, APPF, និង APF ជាដើម។

ចំណែកលោក ង្វៀន ហ៊ុយ តាំង បានលើកឡើងថា រាជរដ្ឋាភិបាល និងរដ្ឋសភានីតិកាលទី៧ បានចេញដំណើរដោយភាពស្វាហាប់ និងច្បាស់លាស់ដែលនឹងនាំមកនូវជោគជ័យធំៗជាច្រើនទៀតជូនជាតិនិងប្រជាជន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានកាន់ប្រសើរឡើង៕

To Top