ព័ត៌មានអន្តរជាតិ

មេដឹកនាំ​សហភាព​អឺរ៉ុប ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន ​មុន​ការ​សម្រេច​ចិត្ត ​នៃ​ការ​ចរចា​សមាជិកភាព

ប្រភព ៖ AFP

ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងខែនេះ នេះបើតាមសារព័ត៌មាន TSN.ua បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olga Stefanishina ។

លោកស្រី Stefanishina បានឲ្យដឹងថាក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់លោកស្រី von der Leyen នឹងជួបពិភាក្សា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី មុនពេលការប្រកាស របស់សហភាពអឺរ៉ុប​ អំពីការសម្រេចចិត្ត របស់ខ្លួនទាក់ទងនឹងការ ចាប់ផ្តើមការចរចា ស្តីពីការចូលជាសមាជិករបស់អ៊ុយក្រែន ទៅក្នុងប្លុកនេះ ។

លោកស្រីបានលើកឡើងថា ភាគីនានានឹងពិភាក្សាអំពីវឌ្ឍនភាព របស់អ៊ុយក្រែន ឆ្ពោះទៅរកសមាជិកភាព សហភាពអឺរ៉ុប ដែលនឹងត្រូវបានបង្ហាញ ដោយគណៈកម្មការអឺរ៉ុប នៅក្នុងរបាយការណ៍ចុងក្រោយ នៅថ្ងៃទី០៨ ខែវិច្ឆិកា ។

លោក Stefanishina បានលើកឡើងថា អ៊ុយក្រែនរំពឹងថា នឹងមានការសម្រេចចិត្ត ជាវិជ្ជមានទាក់ទងនឹងការចាប់ផ្តើមកិច្ចចរចា ចូលជាសមាជិកសហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមសមាជិកសភាអ៊ុយក្រែន Oleksii Honcharenko លោកស្រី von der Leyen នឹងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន នៅថ្ងៃទី០៤ ខែវិច្ឆិកា។ នៅខែមិថុនា ឆ្នាំ២០២២ មេដឹកនាំសហភាពអឺរ៉ុប បានទទួលយកអ៊ុយក្រែន ជាបេក្ខជនសម្រាប់សមាជិកភាពនៅក្នុងប្លុកនេះ។

កាល​ពី​ខែ​មុន លោក ហ្សេឡិនស្គី បានលើកឡើង​ថា ការ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​ស្តី​ពី​ការ​ចូល​ជា​សមាជិកអឺរ៉ុប នៅ​ឆ្នាំ​នេះ​គឺ​ជា​អាទិភាព​កំពូល ​សម្រាប់​អ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top