ភ្នំពេញ៖ លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ បានលើកឡើងថា ការបណ្ដាក់ទុន ពង្រីកអគារ បន្ថែមថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ខណៈផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ នឹងក្លាយជាជម្រើស ដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ នៅភាគខាងកើត រាជធានីភ្នំពេញ ។
ការលើកឡើងរបស់លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញខាងលើនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធបើកដំណើរការ អគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ជាមួយ លោក តានិណៃ អ៊ីជិតូម៉ូ អនុបេសកកម្ម តំណាងលោកអ៊ូអិ ណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក ត្យូបូយ៉ា ម៉ាសាយុគិ (TSUBOYA MASAYUKI) អគ្គនាយកក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាថ្ងៃទី៤ ខែវិច្ជិកា ឆ្នាំ២០២៣នេះ។
លោក កើត ឆែ បានលើកឡើងថា ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនរបស់វិនិយោគិន ជប៉ុន ដែលបានបណ្ដាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់ គម្រោងទី៣ ព្រមទាំងការពង្រីកបន្ថែមអគារថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នៃគម្រោងទី១ ។ នេះមិនត្រឹមតែជាសក្ខីភាព បង្ហាញឱ្យឃើញពីវឌ្ឍនភាពដ៏គាប់ប្រសើរ នៃដំណើរការអាជីវកម្ម របស់ក្រុមហ៊ុនជប៉ុនប៉ុណ្ណោះទេ តែវាបានបង្ហាញឲ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ក្នុងខួបលើកទី៧០ នៃទំនាក់ ទំនងការទូតរវាង “ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន- ឱ្យ កាន់តែរឹងមាំបន្ថែមទៀត។
លោក អភិបាលស្តីទីរាជធានីភ្នំពេញ បន្តថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដែលបានបណ្ដាក់ទុន ពង្រីកអគារ បន្ថែមថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នាពេលនេះ គឺជា ការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ស្របពេលដែលកម្ពុជា ត្រៀមលក្ខណៈរួចស្រេច ក្នុងការទទួលស្វាគមន៍ បងប្អូនប្រជាពលរដ្ឋពីគ្រប់ខេត្ត មកដើរកម្សាន្ត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនាពេលខាងមុខ ហើយពេលនោះផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ នឹងក្លាយជាជម្រើស ដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ នៅភាគខាងកើត រាជធានីភ្នំពេញ (តំបន់ខណ្ឌច្បារអំពៅ) ស្របពេលដែលស្ពានបេតុង ខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។
រដ្ឋបាលរាជធានី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជាចលករជំរុញ នឹងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការបណ្ដាក់ទុន វិនិយោគ និងការធ្វើអាជីវកម្ម-សេវាកម្ម ស្របច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគ ឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ ស្របតាមក្របខណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មី ប្រកប ដោយគុណវុឌ្ឍិខ្ពស់៕