បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Aleksandr Grushko បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានខាតបង់ប្រហែល ១,៥ពាន់ពាន់លានដុល្លារ ដោយសារតែការដាក់ទណ្ឌកម្ម ដ៏ខ្លាំងក្លាប្រឆាំងនឹងទីក្រុងម៉ូស្គូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតរុស្ស៊ីរូបនេះបានបន្ថែមថា លោកមើលឃើញថា មិនមានសញ្ញាណាមួយរបស់ប្លុកនេះ ដែលផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ចំពោះទីក្រុងមូស្គូនាពេលខាងមុខនោះទេ។
លោក Grushko បានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅវេទិកាសេដ្ឋកិច្ច Verona Eurasian ក្នុងទីក្រុង Samarkand ប្រទេស អូបេគីស្ថាន ថា “ការខាតបង់ទាំងស្រុងដែល សហភាពអឺរ៉ុបបានទ្រទ្រង់ គឺដោយសារការដាក់ទណ្ឌកម្ម និងការសម្រេចចិត្តកាត់បន្ថយ កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី មានចំនួនសរុបតាមការប៉ាន់ប្រមាណមានប្រហែល ១,៥ ពាន់ពាន់លានដុល្លារ”។
លោកបានកត់សម្គាល់ថា ពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសរុស្ស៊ី និងរដ្ឋជាសមាជិកសហភាពអឺរ៉ុបមានចំនួន ៤១៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៣ ហើយបានអះអាងថា វាអាចឈានដល់ ៧០០ ពាន់លានដុល្លារនៅឆ្នាំនេះ ប្រសិនបើមិនមែនសម្រាប់ទណ្ឌកម្ម ទាក់ទងនឹងអ៊ុយក្រែននោះទេ។
លោក Grushko បានបន្ថែមថា ទំហំពាណិជ្ជកម្មមានចំនួនសរុប ២០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ប៉ុន្តែត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកតិចជាង ១០០ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៣ ។
លោកបានសន្និដ្ឋានថា «នៅឆ្នាំក្រោយ វានឹងធ្លាក់ចុះបន្ថែមទៀតដល់ ៥០ ពាន់លានដុល្លារ ហើយនឹងឈានដល់សូន្យបន្ទាប់ពីនោះ»៕
ប្រែសម្រួលៈ ណៃ តុលា