ព័ត៌មានជាតិ

អ្នកវិភាគ គាំទ្រអភិក្រម របស់នាយករដ្ឋមន្ត្រី “រៀនឱ្យចប់ ចេះ មានការងារធ្វើ”

ភ្នំពេញ៖ អ្នកវិភាគសង្គមនៅកម្ពុជា លោកបណ្ឌិត យ៉ង់ ពៅ បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះអភិក្រម “រៀនឱ្យចប់ ចេះ មានការងារធ្វើ”របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ អ្នកវិភាគរូបនេះចាត់ទុកអភិក្រម របស់សម្ដេចនាយករដ្ឋមន្រ្តី ជាប្រទីបយ៉ាងសំខាន់ដើម្បីការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈដល់គ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យសម្រេចបានជោគជ័យនិងផ្លែផ្កា។

លោកបណ្ឌិតបានគូសបញ្ជាក់ថា៖«ដូចអ្វីដែលយើងដឹងហើយថា … បើការបណ្តុះបណ្តាលមានគុណភាពនោះ គឺផ្តល់សារសំខាន់ណាស់ដល់សង្គមជាតិ និងជួយស្រោចស្រង់ និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងគោលដៅនាពេលអនាគត»។

សម្រាប់បណ្ឌិតរូបនេះ អភិក្រមសម្រាប់ការបណ្តុះបណ្តាលដែលគូសបញ្ជាក់ដោយសម្តេចប្រមុខរាជរដ្ឋាភិបាលនាពេលនេះ នឹងនាំឱ្យកម្ពុជាប្រែក្លាយពីកម្លាំងអតិពលកម្មក្នុងទីផ្សារទៅជាទីផ្សារដែលពោពេញដោយជំនាញដែលកំពុងមានតម្រូវការខ្ពស់ពីវិស័យឯកជន។
លោកថា៖ «ប្រសិនបើយើងជោគជ័យ នោះវាជាការប្រសើរខ្លាំងមែនទែន។ ដើម្បីឱ្យគោលនយោបាយនេះជោគជ័យ ត្រូវមានការចូលរួមពីវិស័យឯកជនជាចាំបាច់ ដើម្បីឲ្យកូនសិស្សដែលបញ្ចប់ការសិក្សាហើយ អាចទទួលបានឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនឯកជនទាំងនោះស្រាប់»។

សូមបញ្ជាក់ថា សម្តេចធិបតីកាលពីថ្ងៃទី២ ខែវិច្ឆិកានេះ បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ត្រូវអនុវត្តឱ្យបាននៅអភិក្រមចំនួន៣ “រៀនឱ្យចប់ ចេះ មានការងារធ្វើ” លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះដែលប្រមុខរដ្ឋាភិបាលនឹងប្រកាសដាក់ចេញនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។

ទន្ទឹមនឹងការណែនាំអភិក្រមលើការបណ្តុះបណ្តាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាក្រសួងសមីក្នុងការធានាបណ្តុះបណ្តាល បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តឱ្យបានជោគជ័យនៅការណែនាំរបស់ប្រមុខរដ្ឋាភិបាល។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបណ្តុះបណ្តាលយុវជនក្រុមគោលដៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្នុងនោះក្រសួងបានត្រៀមវិស័យចំនួន១០ និងមុខជំនាញជាង៣០ដើម្បីបណ្តុះបណ្តាល។ បើតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ក្រសួង បានបណ្តុះបណ្តាលវិក្រឹត្យការជំនាន់ទី១ជូនគ្រូឧទ្ទេសចំនួន២៤៥នាក់មកពីទូទាំងប្រទេសដើម្បីត្រៀមគាំទ្រការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះលើជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យជោគជ័យ។

យ៉ាងណាក៏ដោយ លោកបណ្ឌិតយ៉ង់ ពៅ បានគូសបញ្ជាក់ថា អភិក្រមនេះ មានតម្លៃលុះត្រាណាតែសិក្ខាកាមមានសមត្ថភាព មានការងារធ្វើ ដែលវិស័យឯកជនសរសើរទើបជាជោគជ័យ៕

To Top