ថ្ងៃទី៥ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះការបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦។ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងការរំពឹងទុកចំពោះការអភិវឌ្ឍនៃពិព័រណ៍នាំចូលចិនអន្តរជាតិនៅពេលអនាគតដូចខាងក្រោម៖ “បង្កើនល្បឿនលើកកម្ពស់មុខងារជាបង្អួចនៃការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី” “ដើរតួនាទីជាវេទិកាយ៉ាងពេញលេញដែលជំរុញការបើកចំហប្រកបដោយកម្រិតខ្ពស់”និង”ផ្ដល់សេវាកម្មផលិតផលសាធារណៈអន្តរជាតិដែលអាចចែករំលែកជាមួយពិភពលោកឱ្យបានកាន់តែល្អប្រសើរ” ។ ការរំពឹងទុកទាំងនេះបានធ្វើឱ្យពិព័រណ៍នាំចូលចិនអន្តរជាតិមានគោលដៅអភិវឌ្ឍន៍កាន់តែខ្ពស់ និងជំរុញឱ្យប្រទេសចិននិងពិភពលោកផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះឱ្យបានកាន់តែប្រសើរឡើង។
ចាប់តាំងពីឆ្នាំ២០១៨មក ពិព័រណ៍នាំចូលចិនអន្តរជាតិបានបើកធ្វើចំនួន៥លើកដោយជោគជ័យ ទំហំជួញដូរសរុបតាមបំណងជិត៣៥០ប៊ីលានដុល្លារអាមេរិក។”ផលិតផលដែលដាក់តាំងបង្ហាញក្នុងពិព័រណ៍ប្រែទៅជាទំនិញ”និង”ពាណិជ្ជករដែលចូលរួមពិព័រណ៍ប្រែទៅជាវិនិយោគិន” ដែលបានត្រួសត្រាយលំហអភិវឌ្ឍន៍យ៉ាងទូលំទូលាយសម្រាប់សហគ្រាសពហុជាតិ។
“បង្កើនល្បឿនលើកកម្ពស់មុខងារជាបង្អួចនៃការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី” គឺមានន័យថា ពិព័រណ៍នាំចូលចិនអន្តរជាតិនឹងផ្តល់ផលិតផលដែលមានគុណភាពកាន់តែល្អនិងកាន់តែសម្បូរបែប ដើម្បីបំពេញតាមតម្រូវការរបស់ទីផ្សារដ៏ធំធេងរបស់ប្រទេសចិន ក៏ដូចជាផ្តល់ឱកាសដល់សហគ្រាសពហុជាតិក្នុងការច្នៃប្រឌិតថ្មីនិងទទួលការអភិវឌ្ឍ ។
ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ ឆ្នាំនេះនឹងមានផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីចំនួន៤៤២ផ្នែកត្រូវបង្ហាញមុខជាសាធារណៈ ដែលបានទាក់ទាញអ្នកបញ្ជទិញកាន់តែច្រើនឡើងៗឱ្យ”បង្កើតជាក្រុម”ដើម្បីចូលរួមក្នុងពិព័រណ៍លើកនេះ និងធ្វើឱ្យផលិតផលប្រកបដោយគុណភាពខ្ពស់ចូលទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ ព្រមទាំងនឹងផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ប្រទេសចិន។
ក្នុងចំណោមប្រទេសចំនួន៧២ដែលបានចូលរួមក្នុងពិព័រណ៍ជាតិនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ មាន៦៤គឺជាប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”។ហើយក្នុងចំណោមសហគ្រាសពិភពលោកចំនួនជាង៣៤០០ដែលបានចូលរួមព័រណ៍សហគ្រាស មានលើសពី១៥០០សហគ្រាសបានមកពីប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”។ នៅពីក្រោយការបញ្ជាទិញនីមួយៗ គឺមានន័យថាជាការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន។
ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ភាគីចិនប្រកាសថានឹងកសាងតំបន់សាកល្បងនៃកិច្ចសហប្រតិបត្តិការ”ធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ”នៅទីក្រុងសៀងហៃ ដែលនឹងនាំមកនូវក្តីសង្ឃឹមកាន់តែច្រើនដល់ប្រជាជននៃប្រទេសជាច្រើន។
ពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាផលិតផលសាធារណៈសកល។ នៅពេលអនាគត ពិព័រណ៍នាំចូលចិនអន្តរជាតិ នឹង”ផ្តល់សេវាកម្មផលិតផលសាធារណៈអន្តរជាតិ ដែលអាចចែករំលែកជាមួយពិភពលោកឱ្យបានកាន់តែប្រសើរឡើង” នេះគឺមានន័យថា នឹងប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដ ជួយអ្នកទាំងអស់គ្នាទទួលបានការអភិវឌ្ឍរួមគ្នាដោយស្មោះត្រង់និងជួយជំរុញការបង្កើតសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ ក្នុងបរិបទដែលការប៉ះទង្គិចភូមិសាស្ត្រនយោបាយមានភាពកាន់តែតានតឹង ការការពារនិយមកំពុងងើបឡើងវិញ ហើយការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ពិព័រណ៍នាំចូលចិនអន្តរជាតិបាននាំមកនូវជំនឿចិត្តនិងកម្លាំងកាយចិត្ត៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន