ព័ត៌មានជាតិ

​មូលដ្ឋាន​អាមេរិក​ ក្នុង​នៅភាគខាងកើតប្រទេសស៊ីរី ត្រូវបានវាយប្រហារ​ ចំ​ពេល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង

AFP

ដាម៉ាស់៖ អ្នកឃ្លាំមើលសង្គ្រាមម្នាក់បានរាយការណ៍ថា សំឡេងនៃការផ្ទុះដ៏ខ្លាំងក្លាបានបន្លឺឡើងតាមរយៈ មូលដ្ឋានទ័ពអាមេរិកនៅក្នុងខេត្ត al-Hasakah ភាគឦសាននៃប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការផ្ទុះត្រូវបានគេឮនៅឯមូលដ្ឋាន Qasrak នៅជនបទនៃ al-Hasakah អមដោយវត្តមានរបស់ យន្តហោះដ្រូនហោះពីលើតំបន់នេះ នេះបើយោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី។ ក្រុមសង្កេតការណ៍បានឲ្យដឹងថា ភាពមិនច្បាស់លាស់កើតឡើងលើលក្ខណៈនៃការផ្ទុះ ថាតើវាជាផលវិបាកនៃសមយុទ្ធយោធាជាប្រចាំ ឬការកំណត់គោលដៅដោយចេតនា។

ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការផ្ទុះ ដែលបានកក្រើកតំបន់ជុំវិញមូលដ្ឋានទ័ពអាមេរិកនៅ al-Shaddadi ភាគខាងត្បូងនៃ al-Hasakah ចំពេលមានការកើនឡើងនៃការវាយប្រហារ ប្រឆាំងនឹងការដំឡើងយោធាអាមេរិក នៅភាគខាងកើតប្រទេសស៊ីរី ដោយកងជីវពលគាំទ្រអ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹង ការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល​នេះ​បើ​តាម​ ក្រុម​សង្កេតការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​ជម្លោះ​ដែល​កំពុង​បន្ត​នៅ​តំបន់​ហ្គាហ្សា។

​កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួនទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន លើមូលដ្ឋានយោធាអាមេរិក នៅភាគឦសានប្រទេសស៊ីរី និងការវាយប្រហារដោយកាំភ្លើងត្បាល់ លើមូលដ្ឋានយោធាអ៊ីរ៉ាក់ដែលដាក់កងកម្លាំងអាមេរិក នៅភាគខាងលិចអ៊ីរ៉ាក់។

ក្រុមប្រដាប់អាវុធមួយក្រុម ដែលហៅខ្លួនឯងថា “ការតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់” ដែលជាអង្គភាពឆ័ត្រ សម្រាប់កងជីវពលអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីនធឺណិតថា អ្នកប្រយុទ្ធរបស់ខ្លួនបាន បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅតំបន់ Tell Beydar ក្បែរទីក្រុង​ al-Hasakah នៅភាគឦសានប្រទេសស៊ីរី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីនោះទេ។

ទន្ទឹមនឹងនោះ ក្រុមឃ្លាំមើលសង្គ្រាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានអះអាងថា មានការផ្ទុះគ្រាប់បែក ត្រូវបានគេឮនៅលើមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់ Tell Beydar នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីនធឺណិតមួយផ្សេងទៀត កងជីវពលបានឲ្យដឹងថា យុទ្ធជនរបស់ខ្លួនបានបាញ់កាំភ្លើងត្បាល់ចំនួន ៤គ្រាប់ កាលពីយប់ថ្ងៃអាទិត្យនៅឯមូលដ្ឋានអាកាស Ayn al-Asad ក្បែរទីក្រុង al-Baghdadi ចម្ងាយប្រហែល ១៩០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីបាកដាដ។

ក្រុម​សកម្មប្រយុទ្ធ​ធ្លាប់​បាន​អះអាង​ថា ​បាន​បាញ់​រ៉ុក្កែត និង​ការ​វាយ​ប្រហារ​ដោយ​ យន្តហោះដ្រូន​លើ​មូលដ្ឋាន​យោធា ​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ ការប្រកាសអំពីការវាយប្រហារចុងក្រោយនេះ បានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅបំពេញទស្សនកិច្ចរយៈពេលខ្លីទៅកាន់ទីក្រុងបាកដាដ និងបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia’al-Sudani ជុំវិញជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីព។

បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ លោក Blinken បានប្រាប់សន្និសីទសារព័ត៌មានថា សារច្បាស់លាស់មួយត្រូវបានផ្ញើទៅកាន់ “អ្នកដែលគំរាមកំហែងបុគ្គលិកយោធាអាមេរិកថា ពួកគេមិនគួរធ្វើដូច្នេះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top