ព័ត៌មានអន្តរជាតិ

រដ្ឋនៅអារ៉ាប់ ថ្កោលទោសចំពោះការលើកឡើង របស់រដ្ឋមន្រ្តីមួយរូប របស់អ៊ីស្រាអែល ដែលព្រមានទម្លាក់គ្រាប់បែក នុយក្លេអ៊ែរ ចូលតំបន់ហ្គាហ្សា

រូបភាព៖ Afp

បរទេស៖ ប្រទេស អារ៉ាប៊ីសាអូឌីត, ប្រទេស ហ្ស៊កដានី និងរដ្ឋអារ៉ាប់ផ្សេងទៀត សុទ្ធតែបានថ្កោលទោសរដ្ឋមន្ត្រី បេតិកភណ្ឌអ៊ីស្រាអែល លោក Amichai Eliyahu ចំពោះការលើកយោបល់ថា ប្រទេសអ៊ីស្រាអែលទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ហ្គាហ្សា។ លោក Eliyahu ត្រូវបានព្យួរ ប៉ុន្តែមិនត្រូវបានគេបណ្តេញចេញទេ សម្រាប់ការលើកឡើងនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់វិទ្យុ Kol Berama កាលពីថ្ងៃអាទិត្យ លោក Eliyahu បាននិយាយថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងតំបន់ប៉ាឡេស្ទីន “គឺជាលទ្ធភាពមួយ” បន្ទាប់ពីអ្នកសម្ភាសន៍បាននិយាយថា នេះនឹង “ធ្វើឱ្យតំបន់” រលាយរាបស្មើ និង “សម្លាប់ជីវិតមនុស្សគ្រប់គ្នានៅទីនោះ” ។ លោក Eliyahu សមាជិកគណបក្ស Otzma Yehudit (Jewish Power) ស្តាំនិយមត្រូវបានព្យួរការងារដោយនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្រោយពីការលើកឡើងបែបនេះកាលពីថ្ងៃអាទិត្យ។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ “បង្ហាញពីកម្រិតណាដែលជ្រុលនិយម និងភាពឃោរឃៅបានជ្រៀតចូលទៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល”។ ការពិតដែលថា Eliyahu មិនត្រូវបានបណ្តេញចេញទាំងស្រុងនោះ ក្រសួងបានបន្តទៀតថា “ឆ្លុះបញ្ចាំងពីការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលអ៊ីស្រាអែលចំពោះតម្លៃទាំងអស់នៃមនុស្សជាតិ សីលធម៌ សាសនា និងច្បាប់”។

ភាគីអេមីរ៉ាតអារ៉ាប់រួមបាននិយាយថា សេចក្តីថ្លែងការណ៍ទាំងនេះបង្កើតជាការបំពានច្បាប់អន្តរជាតិ ក៏ដូចជាការញុះញង់ឱ្យប្រព្រឹត្តិការរំលោភយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាឧក្រិដ្ឋកម្មសង្គ្រាម និងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីចេតនាប្រព្រឹត្តអំពើប្រល័យពូជសាសន៍” ។

ចំណែកប្រទេសហ្ស៊កដានីបានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាដោយពណ៌នាការអត្ថាធិប្បាយរបស់លោក Eliyahu ថាជាការអំពាវនាវឱ្យមានអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលមិនអាចមិនអើពើបាន ខណៈដែលក្រសួងការបរទេសកាតាបាននិយាយថា ខ្លួនថ្កោលទោសយ៉ាងខ្លាំងចំពោះការគំរាមកំហែងដែលធ្វើឡើងដោយរដ្ឋមន្ត្រីអ៊ីស្រាអែលក្នុងការវាយប្រហារលើតំបន់ហ្គាហ្សាដោយគ្រាប់បែកនុយក្លេអ៊ែរ និង ចាត់ទុកវាជាការញុះញង់ធ្ងន់ធ្ងរដល់ឧក្រិដ្ឋកម្មសង្គ្រាម»៕

ប្រែសម្រួលៈ ណៃ តុលា

To Top