បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ នៅថ្ងៃអង្គារដោយដកស្រង់សម្តីរបស់គណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបន្តការពង្រាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅមជ្ឈិមបូព៌ាមួយឆ្នាំ ចំពេលមានវិបត្តិដែលកំពុងបន្តនៅក្នុងតំបន់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍ថា ការដាក់ពង្រាយយោធាជប៉ុននៅមជ្ឈិមបូព៌ានឹងត្រូវបញ្ចប់នៅថ្ងៃទី ១៩ ខែវិច្ឆិកា។
យោងតាមការផ្សាយនោះ បច្ចុប្បន្ននេះ នាវាពិឃាតជប៉ុនមួយគ្រឿង និងយន្តហោះល្បាតពីរគ្រឿង ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់។ ចំនួនយន្តហោះនឹងត្រូវកាត់បន្ថយមកត្រឹមមួយគ្រឿង ក្រោមផែនការថ្មី។
រដ្ឋាភិបាលជប៉ុនបាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនគឺដោយសារតែការគំរាមកំហែងដែលអាចកើតមានដោយជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីននិងតម្រូវការដើម្បីធានាសុវត្ថិភាពនៃផ្លូវសមុទ្រក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា ប្រទេសជប៉ុនក៏បានសម្រេចចិត្តបន្តរយៈពេលមួយឆ្នាំសម្រាប់ការចូលរួមរបស់កងទ័ពជប៉ុនចំនួនបួននៅក្នុងបេសកកម្មត្រួតពិនិត្យបទឈប់បាញ់នៅឧបទ្វីបស៊ីណៃ៕
ប្រែសម្រួលៈ ណៃ តុលា