ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្វាគមន៍ក្រុមហ៊ុនចិន មានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុន China MCC22 Group Corporation របស់ចិនដែលមានចំណាប់អារម្មណ៍ចូលមកសិក្សា និងវិនិយោគនៅកម្ពុជា។

លោក គង់ វិមាន បានស្វាគមន៍បែបនេះនាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China MCC22 Group Corporation Ltd ដឹកនាំដោយលោក Guo KongSong អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន នាថ្ងៃ៨ វិច្ឆិកា ។

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យក្រុមហ៊ុនអាចជជែកស្វែងយល់បន្ថែមអំពីឱកាសវិនិយោគលើវិស័យនានានៅកម្ពុជា ដែលស្របតាមមុខសញ្ញាវិនិយោគរបស់ខ្លួនដូចជាការងារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវល្បឿនលឿន រោងចក្ររ៉ែ ការបង្កើតសួនឧស្សាហកម្ម អចនលទ្រព្យ និងរោងចក្រផលិតគ្រឿងសម្ភារសំណង់ជាដើម។

ក្នុងជំនួបនេះដែរ លោកអគ្គលេខាធិការ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលមកសិក្សានិងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរបើកចំហរទៅគ្រប់វិនិយោគិនលើគ្រប់វិស័យ ដែលក្នុងនោះក៏មានវិស័យមួយចំនួនទទួលបានការលើកទឹកចិត្តឱ្យមានការវិនិយោគផងដែរ អាស្រ័យហេតុនេះ រដ្ឋាភិបាលដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការ ទទួលស្វាគមន៍ និងរងចាំសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនជានិច្ច៕

To Top