ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានសញ្ញា នៃការចរចាសមាជិកភាព​អឺរ៉ុប នៅខែក្រោយ

រូបភាពពី៖​ AFP

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍​ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Dmytro Kuleba ថា អ៊ុយក្រែន ទទួលបានសញ្ញាថា កិច្ចពិភាក្សា ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប​ អាចនឹងចាប់ផ្តើមនៅខែក្រោយ។

លោក Kuleba បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយស្នងការអឺរ៉ុបនៅរដ្ឋធានីព្រុចសែល ប្រទេសបែលហ្ស៊ិកថា “អ៊ុយក្រែន កំពុងឆ្ពោះទៅរកការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងខែធ្នូនៃឆ្នាំនេះ ស្តីពីការបើកការចរចា” ។

លោក Kuleba បានកត់សម្គាល់ថាមាន “ការយល់ស្របនយោបាយទូទៅ” ក្នុងចំណោមសមាជិកគណៈកម្មការអឺរ៉ុប ទាក់ទងនឹងសេចក្តីប្រាថ្នារបស់អ៊ុយក្រែន ក្នុងការចាប់ផ្តើមកិច្ចចរចាសមាជិកភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅថ្ងៃទី០៨ ខែវិច្ឆិកា គណៈកម្មាការអឺរ៉ុប គ្រោងនឹងបញ្ចេញអនុសាសន៍របស់ខ្លួន ស្តីពីថាតើត្រូវបើកការចរចាចូលជាសមាជិកជាមួយអ៊ុយក្រែន ដែលបានទទួលឋានៈជាបេក្ខជនសហភាពអឺរ៉ុប ក្នុងខែមិថុនា ឆ្នាំ២០២២ ដែរឬទេ។ ការសម្រេចចិត្តចុងក្រោយលើកិច្ចចរចា នឹងធ្វើឡើងដោយក្រុមប្រឹក្សាអឺរ៉ុប ក្នុងខែធ្នូ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top