ហ្គាហ្សា៖ យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅរ៉ាម៉ាឡា កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា ទារកទើបនឹងកើតរាប់សិបនាក់ ប្រឈមនឹងការស្លាប់ ដោយសារចរន្តអគ្គិសនី ដែលផ្តល់ថាមពលដល់កន្លែង ភ្ញាស់នៅមន្ទីរពេទ្យ Al Shifa ដ៏ធំបំផុតរបស់ហ្គាហ្សា ត្រូវបានកាត់ផ្តាច់។
គ្រូពេទ្យសម្រាប់សិទ្ធិមនុស្ស-អ៊ីស្រាអែល បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ដោយ ដកស្រង់សម្តីវេជ្ជបណ្ឌិត នៅឯមន្ទីរពេទ្យថាទារកពីរនាក់ បានស្លាប់ខណៈដែលទារកមិនគ្រប់ខែចំនួន ៣៧នាក់ផ្សេងទៀតស្ថិត ក្នុងហានិភ័យពិតប្រាកដ។
លោក Ashraf a-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សាបានបញ្ជាក់ថា អគារពេទ្យបានលែងដំណើរការដោយសារកង្វះប្រេងឥន្ធនៈ និងការវាយប្រហាររបស់អ៊ីស្រាអែល។
លោក A-Qedra បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្រប់ផ្នែក និងនាយកដ្ឋានទាំងអស់នៅក្នុងអគារវេជ្ជសាស្ត្រ Al Shifa ត្រូវបានបិទទាំងស្រុង ជាលទ្ធផលនៃការអស់ប្រេងឥន្ធនៈ ក៏ដូចជាការវាយប្រហាររបស់អ៊ីស្រាអែល” ។
លោកបានព្រមានថា “យើងអាចឃើញការកើនឡើង នៃការស្លាប់ក្នុងចំណោមអ្នកជំងឺ ភាគច្រើនជាកុមារ និងអ្នកដែលស្ថិតក្នុងស្ថានភាពសុខភាពធ្ងន់ធ្ងរ” ៕
ប្រែសម្រួល ឈូក បូរ៉ា