សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបើកកិច្ចប្រជុំកំពូលវិជ្ជមាន ទូលំទូលាយ និងស្ថាបនា ដោយបង្ហាញពីដំណើរឆ្ពោះទៅរកការកែលម្អ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
នៅពេលមកដល់ Filoli Estate ភាគខាងត្បូងនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូលោក ស៊ី ត្រូវបានទទួលយ៉ាងកក់ក្តៅពីលោក បៃដិន ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរយៈពេល ៤ម៉ោងរបស់ពួកគេ ប្រមុខរដ្ឋទាំងពីរមានការផ្លាស់ប្តូរទស្សនៈយ៉ាងច្បាស់លាស់ និងស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ និងទូលំទូលាយ ដែលសំខាន់ ចំពោះទិសដៅនៃទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិក និងបញ្ហាសំខាន់ៗ ដែលប៉ះពាល់ដល់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា នេះគឺជាកិច្ចប្រជុំកំពូលដ៏សំខាន់មួយ ដើម្បីបង្កើនទំនុកចិត្ត និងលុបបំបាត់ការសង្ស័យ គ្រប់គ្រងភាពខុសគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ហើយវាក៏ជាកិច្ចប្រជុំដ៏សំខាន់មួយផងដែរ ដើម្បីបញ្ចូលភាពប្រាកដប្រជា និងពង្រឹងស្ថិរភាពនៃពិភពលោកដែលប្រែប្រួល និងផ្លាស់ប្តូរ។
លោក វ៉ាង យី ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានពណ៌នាកិច្ចប្រជុំនេះថាជាយុទ្ធសាស្ត្រ ប្រវត្តិសាស្ត្រ និងមួយដែលផ្តល់នូវការគ្រប់គ្រង។
កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្របានកើតឡើងនៅដំណាក់កាលដ៏សំខាន់មួយ នៅពេលដែលសហគមន៍អន្តរជាតិជំរុញឱ្យមានស្ថិរភាពទំនាក់ទំនងចិន-អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ស្ថិតនៅទល់មុខគ្នា ប្រមុខរដ្ឋទាំងពីរបានដាក់ចេញនូវគោលការណ៍ណែនាំអំពីបញ្ហាលេចធ្លោបំផុតរវាងភាគីទាំងពីរ ដូចជាការអភិវឌ្ឍការយល់ដឹងត្រឹមត្រូវអំពីគ្នាទៅវិញទៅមក ការគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ៕
ប្រែសម្រួល ឈូក បូរ៉ា