ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីអកអំបុក សំពះព្រះខែ ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ខ្មែរ និងបង្កបរិយាកាសរីករាយ ជូនពលរដ្ឋ

បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងមន្រ្ដីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋ នៅរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីអកអំបុក សំពះព្រះខែ នៅបរិវេណសួនសម្ដេចក្រឡាហោម វិមានឯករាជ្យ ក្នុងគោលស្មារតីចូលរួម ថែរក្សាការពារទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ និងដើម្បីបង្កបរិយាកាសរីករាយ ជូនសាធារណជន បានកម្សាន្តសប្បាយក្រោមម្លប់សន្តិភាព ។

ក្នុងពិធីអកអំបុក សំពះព្រះខែខេត្តបាត់ដំបង មានរៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗដូចជាការដាល់អំបុក សម្ដែងសិល្បៈសៀក និងចម្រៀងបុរាណផងដែរ ។
ក្នុងនាមរដ្ឋបាល ខេត្តបាត់ដំបង លោក សុខ លូ ប្ដេជាបន្តបម្រើបងប្អូន ប្រជាពលរដ្ឋឱ្យបានល្អសំដៅ ធ្វើយ៉ាងណាឱ្យបងប្អូនបានរស់នៅ ប្រកបដោយភាពសុខដុមរមនា ។

សូមរំលឹក ថា ពិធីអកអំបុក សំពះព្រះខែ ជាព្រះរាជពិធីមួយដែលប្រារព្វនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្ធពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមជាដើម។ ចំពោះគ្រឿងរណ្តាប់សំខាន់ៗដែលយកមកប្រើ ក្នុងពិធីអកអំបុក មានដូចជា អំបុក,ចេកទុំ,ដូងខ្ចី ផ្កាភ្ញី រួមទាំងគ្រឿងសក្ការៈបូជាមួយចំនួនទៀត៕

To Top