នយោបាយ

ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យក្រសួង ស្ថាប័នរដ្ឋទាំងអស់ កាត់បន្ថយ ការចំណាយ ឲ្យដល់៥០% ដើម្បីប្រឆាំង Covid-19 (វីដេអូ)

ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ កាត់បន្ថយការចំណាយ ឲ្យដល់៥០%

ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ កាត់បន្ថយការចំណាយ ឲ្យដល់៥០% ដើម្បីប្រឆាំង Covid-19https://dap-news.com/national/2020/03/04/37633/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ពុធ 4 មីនា 2020

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យស្ថាប័នរដ្ឋ ទាំងអស់ ត្រូវកាត់បន្ថយថវិកា ចំណាយ៥០% លើកលែងតែ ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការ គណៈរដ្ឋមន្ត្រី ដែលត្រូវកាត់បន្ថយ ត្រឹម២៥%ប៉ុណ្ណោះ ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid-19 ខណៈនៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ មិនមានការឆ្លងជំងឺនេះឡើយ។

ក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅបន្ត សម្រាប់ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល លើកទី៤១ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាជំងឺ Covid-19 ក៏ជំរុញឲ្យគណៈកម្មការ គោលនយោបាយសេដ្ឋកិច្ច ជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំនូវផែនការ ដើម្បីឆ្លើយតបទៅ នឹងបញ្ហាសេដ្ឋកិច្ច ក្នុងបរិបទ Covid-19 រីករាលដាល។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមយកឱកាសនេះ ជម្រាបជូន គ្រប់ស្ថាប័នទាំងអស់ ឲ្យបានជ្រាបថា ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយការចំណាយ រហូតទៅដល់៥០% នៃការចំណាយសរុប លើកលែងតែ ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការ គណៈរដ្ឋមន្ត្រីទេ ដែលនឹងត្រូវកាត់បន្ថយ ការចំណាយ ចំនួន២៥%។ នេះជាការជម្រាប ឲ្យបានជ្រាបដើម្បីឲ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានជ្រាបថា សូមកុំបង្កើនការចំណាយ អ្វីទាំងអស់ មិនត្រឹមតែមិនឲ្យបង្កើន ការចំណាយទេ យើងត្រូវកាត់បន្ថយ ការចំណាយតែម្តង»។

សម្ដេចតេជោផ្ដាំផ្ញើ ទៅស្ថាប័នរដ្ឋទាំងអស់ថា កុំបន្ថែមការចំណាយ ចំណែកប្រាក់បៀវត្ស មន្ដ្រីរាជការ មិនត្រូវបានកាត់បន្ថយឡើយ។

សម្ដេចថា នាពេលកន្លង រាជរដ្ឋាភិបាល ត្រូវចំណាយតាមស្ថាប័ន ជាង៤០០លានដុល្លារ ក្នុង១ខែ។

សម្ដេច សម្រេចឲ្យផ្អាកការបើកការដ្ឋាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា មួយរយៈសិន ដោយរង់ចាំជំងឺ Covid-19 ត្រូវបានបញ្ចប់សិន លើកលែងតែការដ្ឋាន ដែលជាហិរញ្ញប្បទាន ដោយបរទេស ដែលមានថវិកា បដិភាគរបស់កម្ពុជា ត្រូវឲ្យមានការបើក ការដ្ឋានធម្មតា។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ការងារអាទិភាពខ្ពស់បំផុត របស់កម្ពុជា គឺប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃ covid 19 នេះជាការដែលត្រូវធ្វើ ទាំងអស់គ្នា ដោយសារតែ បានធ្វើបែងចែកមុខងារ នៃផ្នែកសុខាភិបាល ក៏ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើកិច្ចការងារនេះ ថ្នាក់ជាតិត្រូវតែមានភារកិច្ច ដាក់ចេញជាអាទិភាពទី១ ហើយការចំណាយ ក៏ត្រូវផ្តល់មកនូវផ្នែកនេះ បើទោះបី ជាត្រូវកាត់កងពីផ្នែកដទៃដើម្បី ជំនួសឲ្យវិស័យសុខាភិបាល។

សម្ដេចបន្ថែមថា ពលរដ្ឋខ្មែរ ក៏បានស៊ាំទៅនឹងព័ត៌មាន covid 19 ពិតមែនហើយ ការបំពុលព័ត៌មាន គឺពួកភេរវករតែម្ដង ដែលកំពុងបំពុលព័ត៌មាន ពេញពិភពលោក ខណៈអង្គការសុខភាពពិភពលោក ក៏មានការធុនទ្រាន់ ចំពោះបញ្ហាទាំងនេះដែរ។
សម្ដេចតេជោណែនាំ ឲ្យភាគីពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ហើយបន្ដអប់រំពលរដ្ឋ ឲ្យចេះការពារខ្លួន ព្រមទាំង មិនឲ្យពលរដ្ឋ មានការភ័យខ្លាច និងការរើសអើង។

សម្ដេចថ្លែងថា «យើងដាក់ចេញជំហានទី២ ដែលហៅថា លទ្ធភាពទី២ ដែលលទ្ធចាប់ផ្ដើមពលរដ្ឋកម្ពុជា ឆ្លង covid 19 ហើយក្នុងទ្រង់ទ្រាយណាមួយថា ចូលក្នុងក្របខណ្ឌមួយ តើយើងគួរបិទខេត្តទាំងមូលទេ? ឬត្រឹមតែបិទក្នុងតំបន់ ដែលមានវីរុសនេះ ។ឧទាហរណ៍ ឃុំ មួយ ឬ ស្រុក មួយ ជាឧទាហរណ៍ ។បើចិនគេបិទទីក្រុងវូហាន បន្ទាប់ទៅគេពង្រីក ទីកន្លែងមួយចំនួនទៀត យើងត្រូវដាក់ចេញផែនការបែបនេះ ឧទាហរណ៍ ជំហានទី២ មកដល់ លទ្ធភាពទី២ មកដល់ វាកើតរួចហើយ តើចំណុចបន្ដនៅទីកន្លែង ក្រុមគ្រួសារហ្នឹង យើងធ្វើយ៉ាងម៉េច»។

ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំ ឲ្យក្រសួងការបរទេស បញ្ចប់ការសួរនាំឯកអគ្គរាជទូត ម៉ាឡេស៊ី ប្រចាំកម្ពុជា ជុំវិញករណីរកឃើញ អ្នកជំងឺកូវីដ១៩ម្នាក់ ក្រោយចេញពីកម្ពុជា បន្ទាប់ពីមន្រ្តីទូតរូបនេះ បំភ្លឺថា ស្រ្តី ដែលរកឃើញ ផ្ទុកជំងឺកូវីដ១៩ គឺរកឃើញក្នុងប្រទេសម៉ាឡេស៊ី មិនមែនរកឃើញ នៅខ្មែរនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានធ្វើការណែនាំមួយចំនួន ដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យគុណភាពសេវា សុខភាពសាធារណៈ កាន់តែល្អប្រសើរ ស្របតាមតម្រូវការ សេវាសុខភាព ប្រជាពលរដ្ឋ។

សេចក្ដីណែនាំ ទាំងនោះមានដូចជា៖

ទី១-ក្រសួងសុខាភិបាល ត្រូវអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយ អំពីគោលនយោបាយ សុខាភិបាលសំខាន់ៗ។

ទី២-ចំពោះការផ្ទេរមុខងារ គ្រប់គ្រងធនធាន និងផ្តល់សេវា សុខាភិបាលពីក្រសួងសុខាភិបាល ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីដើមឆ្នាំ ២០២០ គឺជាការកែទម្រង់ ប្រកបដោយ តម្លាភាពក្នុង វិស័យសុខាភិបាលដែលឆ្លើយតប ទៅនឹងតម្រូវការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ទី៣-រដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ត្រូវសហការជាមួយ ក្រសួង-ស្ថាប័ន និងភាគីញក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលឡើងវិញ នូវរចនាសម្ព័ន្ធស្ថាប័នតួនាទី និងមុខងារនៃអង្គភាពសុខាភិបាល នៅថ្នាក់ក្រោមជាតិ ហើយត្រូវរក្សា កិច្ចដំណើរការងារអង្គភាព សុខាភិបាលរាជធានី-ខេត្តដូចធម្មតា។

ទី៤-ក្រសួងសុខាភិបាល ត្រូវពិនិត្យកែសម្រួល និងកំណត់តួនាទី និងមុខងាររបស់ក្រសួង និងអង្គភាពសុខាភិបាល ក្រោមឱវាទនៅថ្នាក់ជាតិ ដើម្បីអនុវត្តប្រកបដោយតម្លាភាព និងមានគណនេយ្យភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយនឹងស្មារតី ទទួលខុសត្រូវខ្ពស់។ និងទី៥-រដ្ឋបាល រាជធានី-ខេត្ត ត្រូវខិតខំផ្សព្វផ្សាយ កៀរគរការគាំទ្រថវិកាសម្ភារ និងបច្ចេកទេសពីស្ថាប័ន និងភាគីញក់ព័ន្ធនានា ដោយប្រើប្រាស់ធនធាន ឆន្ទានុសិទ្ធិរបស់រដ្ឋបាល រាជធានី-ខេត្ត ដើម្បីផ្តល់សេវាសុខាភិបាល ជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែន សមត្ថកិច្ចរៀងៗខ្លួន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ដោយ ៖ អេង ប៊ូឆេង

To Top