ព័ត៌មានជាតិ

អង្គការ AHF កម្ពុជា អំពាវនាវ​ ដល់ភាគីពាក់ព័ន្ធ រួមគ្នាប្រយុទ្ធនឹង មេរោគអេដស៍

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងទិវាពិភពលោកប្រយុទ្ធនឹង ជំងឺអេដស៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា រំលឹកដល់ពិភពលោកពីការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់នោះទេ។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទេរ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ នឹងធ្វើការរំលឹក ផ្តល់កិត្តិយសដល់អ្នក ដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោក ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍។

ខណៈពេលដែលពិភពលោកកំពង់ តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍ /ជំងឺអេដស៍ជាសកលកំពុងប្រឈម នឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ ជាមួយអត្រាគ្រោះថ្នាក់ខ្ពស់ នៃការចម្លងមេរោគអេដស៍ថ្មី ចំនួន ១.៣ លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណជា ៦៣ម៉ឺននាក់ក្នុង១ឆ្នាំ ហើយការឆ្លើយតបនឹងមេរោគ អេដស៍/ជំងឺអេដស៍ មិនត្រូវបានផ្តល់អាទិភាពខ្ពស់គ្រប់គ្រាន់ ជាពិសេសនៅក្នុងបណ្តាប្រទេស ដែលមានចំណូលទាបនោះទេ។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស បានមានប្រសាសន៍ថា « ការប្រយុទ្ធនឹងមេរោគអេដស៍ /ជំងឺអេដស៍ គឺមិនទាន់ដល់ទីបញ្ចប់ទេ! យើងអំពាវនាវជាសំឡេងតែមួយ ដោយរួមជាមួយនឹងសហគមន៍ ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រឈមមុខខ្ពស់ ឬអ្នករងផលប៉ះពាល់ដោយមេរោគអេដស៍ គឺជាការអំពាវនាវឱ្យមានសកម្មភាព ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍»។

លោកស្រីវេជ្ជបណ្ឌិត បន្ដថា ទិវាពិភពលោកប្រយុទ្ធនឺងជំងឺអេដស៍ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ បានផ្តល់ឱកាសឱ្យអ្នកតស៊ូមតិក្នុងការឆ្លើយតបនូវមេរោគអេដស៍/ជំងឺអេដស៍ នាំយកការយល់ដឹង ការឆ្លើយតបជាសកលក្នុងការប្រយុទ្ធនឹងការមាក់ងាយ និងការរើសអើង ដែលជាឧបសគ្គរារាំង ដល់អ្នករស់នៅជាមួយមេរោគអេដស៍ក្នុងការស្វែងរកសេវាធ្វើតេស្តឈាម និងព្យាបាល។

ជាមួយគ្នានេះផងដែរការជំរុញឱ្យរដ្ឋាភិបាល ទូទាំងពិភពលោកធានាឱ្យបាន នូវធនធានថវិកា ឆន្ទៈនយោបាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ /ជំងឺអេដស៍។ នៅក្នុងទិវាពិភពលោកប្រយុទ្ធនឺងជំងឺអេដស៍ ពិភពលោកទាំងមូលត្រូវតែចងចាំថា – អេដស៍មិនទាន់ ដល់ទីបញ្ចប់ទេ។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាន និងកំពុងផ្តល់សេវាថែទាំ ព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់ក្នុង៤៥ប្រទេសជុំវិញពិភពលោក មានដូចជា នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕

To Top