ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ ដាក់ចេញគោលនយោបាយ ពង្រឹងខ្សែក្រវាត់បៃតង សំដៅបង្កើនផលិតផល ទេសចរណ៍

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេច បានដាក់ចេញគោលនយោបាយពង្រឹងខ្សែក្រវាត់បៃតង ដើម្បីពង្រឹងសកម្មភាព និងបង្កើតផលិតផលវិស័យទេសចរណ៍ នៅនឹងកន្លែងតែម្តង។

នាឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា វិស័យទេសចរណ៍នេះ គឺមានលក្ខណៈខុសប្លែកពីវិស័យមួយចំនួន ដោយផលិតផល ត្រូវតែផលិត និងប្រើប្រាស់ក្នុងស្រុក ខុសពីឧស្សាហកម្ម ដោយអាចយកក្នុងស្រុក ហើយអាចយកឱ្យគេប្រើប្រាស់នៅក្រៅប្រទេស។

សម្ដេច គូសបញ្ជាក់ថា «លក្ខណៈពិសេសរបស់ផលិតផលទេសចរណ៍នេះ គឺនាំមនុស្សមកប្រើប្រាស់នៅនឹងកន្លែងតែម្តង ដែលខុសពីវិស័យមួយចំនួនដែលយើងអាចផលិត និងយកទៅឱ្យមនុស្សប្រើប្រាស់នៅស្រុកក្រៅ តែវិស័យទេសចរណ៍ គឺមនុស្សរត់រកផលិតផល ដែលនេះគឺជាសក្តានុពលមួយដែលយើងបានបានជការអភិវឌ្ឍវិស័យទេសចរណ៍ គឺការអភិវឌ្ឍន៍នៅនឹងកន្លែងតែម្តង ហើយក៏បានផលធំនៅនឹងកន្លែងតែម្តងផងដែរ កំណើននៃវិស័យទេសចរគឺអាចប្រែក្លាយគ្រប់វិស័យផ្សេងៗទៀតជាច្រើន»។

សម្ដេច បន្ដថា «ខ្ញុំបានដាក់ចេញគោលការណ៍រួចហើយកាលពីថ្ងៃប្រជុំ គឺធ្វើយ៉ាងម៉េចពង្រឹងខ្សែក្រវ៉ាត់បៃតងរបស់យើង ខ្សែក្រវ៉ាត់ប៉ៃតងបានន័យថា ពង្រឹងសកម្មភាព និងការបង្កើតផលិតផល ដើម្បីគាំទ្រដល់វិស័យទេសចរណ៍នៅនឹងកន្លែងនេះឯង ផលិតផលត្រូវកាត់បន្ថយដោយកុំចាំបាច់យកបន្លែ យកអីមកពីខាងក្រៅ ដោយខិតខំធ្វើយ៉ាងណាឱ្យប្រជាកសិករ ប្រជានេសាទជាអ្នកផ្គត់ផ្គង់នៅនឹងកន្លែងតែម្តង នៅខេត្តកែប និងខេត្តជាប់សមុទ្រ ដើម្បីធ្វើយ៉ាងណាជំរុញការបង្កបង្កើនផលនេះ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ដោយឡែកវិស័យសិប្បកម្មវិញ កន្លែងតំបន់ទេសចរណ៍នៅខេត្តកែប នៅសៀមរាប និងខេត្តផ្សេងៗ គឺអាចរុញតំបន់ជុំវិញនោះ ការផលិតវត្ថុអនុស្សាវរីយ៍ និងការផលិតសម្ភារៈផ្សេងៗ សម្រាប់ជួយទៅដល់វិស័យទេសចរណ៍ ការរៀបចំទីកន្លែងដើម្បី បំរើទៅឱ្យវិស័យទេសចរណ៍ ដែលនេះគឺជាកិច្ចការសំខាន់របស់វិស័យទេសចរណ៍ ដែលជំរុញដល់គោលដៅទេសចររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជម្រុញកំណើនសេដ្ឋកិច្ច លើគ្រប់វិស័យ បង្កើនការងារ និងកាត់បន្ថយភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាព និងចេរភាព៕

To Top