បរទេស៖ អ្នកនាំពាក្យរបស់អង្គការ UNICEF បានថ្កោលទោសការសម្លាប់កុមារ ដ៏ច្រើននៅហ្គាហ្សា អំឡុងពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយបានអំពាវនាវឱ្យ អ្នកដែលមានឥទ្ធិពលទាំងឡាយគួរចូលរួមក្នុងការ បញ្ចប់ជម្លោះនេះ។
លោកJames Elder បានបង្ហោះវីដេអូរំជួលចិត្តមួយនៅលើបណ្តាញសង្គមInstagram កាលពីថ្ងៃសុក្រ ដោយនិយាយថា៖បទឈប់បាញ់បានចប់ហើយ។ យើងអាចឮការបំផ្ទុះរួចហើយ។ ខ្ញុំនៅមន្ទីរពេទ្យ។ មានការប៉ះទង្គិចប្រហែល ៥០ ម៉ែត្រពីទីនេះប៉ុណ្ណោះ។ នេះគឺជាមន្ទីរពេទ្យដ៏ធំបំផុត ដែលនៅតែដំណើរការនៅហ្គាហ្សា។ វាកំពុងផ្ទុកអ្នកជំងឺលើសសមត្ថភាពដល់ទៅ២០០ភាគរយហើយ ប្រព័ន្ធសុខាភិបាលនៅទីនេះមានភាពច្របូកច្របល់នៅឡើយ។
អ្នកនាំពាក្យរបស់មូលនិធិកុមាររបស់អង្គការសហប្រជាជាតិបាននិយាយថា ពិភពលោក មិនអាចឃើញកុមារបន្ថែមទៀតដែលមានរបួសនៃសង្រ្គាម ជាមួយនឹងការរលាក ជាមួយនឹងគ្រាប់ផ្លោង ពាសពេញរាងកាយរបស់ពួកគេ ជាមួយនឹងឆ្អឹងដែលបាក់ ដោយបន្ថែមថា នេះគឺជាសង្រ្គាមលើកុមារ ។
ការកត់សម្គាល់របស់Elderបានធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នាជាថ្មីរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបន្ទាប់ពីការផុតកំណត់នៃបទឈប់បាញ់រយៈពេលមួយសប្តាហ៍ដែលបានចាប់ផ្តើមនៅថ្ងៃទី24ខែវិច្ឆិកាហើយកាលពីថ្ងៃសៅរ៍ យោធាអ៊ីស្រាអែលបានធ្វើការវាយឆ្មក់ទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំទៅលើតំបន់ហ្គាហ្សាសាជាថ្មីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី