ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បានជួបពិភាក្សាគ្នាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារប្រទេសកម្ពុជា និងនៅក្នុងតំបន់។
ក្នុងកិច្ចប្រជុំ ក្រុមហ៊ុន ក៏បានបង្ហាញគោលបំណង ក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត ដែលរួមបញ្ចូលលើការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រាវជ្រាវនវានុវត្ត មន្ទីរពេទ្យ និងគ្លីនិកជាដើម។
គូសបញ្ជាក់ថា ក្រុមហ៊ុន Guangzhou Youdi Bio-Technology Co., Ltd. នេះគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែល លោកឧបនាយករដ្ឋមន្ត្រី បានធ្វើទស្សនកិច្ចក្នុងកំឡុងដំណើរទស្សនកិច្ចគោះទ្វារទាក់ទាញវិនិយោគិន នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលជាសហគ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានឯកទេសក្នុងការអភិវឌ្ឍ ផលិត ចែកចាយវត្ថុធាតុដើមឱសថ សារធាតុសម្រាប់ផលិតផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។ ក្រុមហ៊ុននេះរួមបញ្ចូលការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត ការចែកចាយ សេវាកម្មស្រាវជ្រាវរកបច្ចេកវិទ្យា វិទ្យាសាស្ត្រដែលទាក់ទងនឹងថ្នាំ និងឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យជាដើម៕