ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអឺរ៉ុប អំពាវនាវឲ្យបញ្ឈប់ ជម្លោះនៅតំបន់ហ្គាហ្សា ឲ្យបានឆាប់បំផុត

Xinhua

ហ្គាហ្សា៖ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell បានគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីបញ្ចប់ជម្លោះ នៅតំបន់ហ្គាហ្សាស្ទ្រីប ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ។

នៅក្នុងការហៅទូរស័ព្ទមួយ កាលពីថ្ងៃសៅរ៍ ភាគីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍ ចុងក្រោយបង្អស់នៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាកិច្ច សហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) នេះបើយោង តាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ក្រសួងការបរទេស អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើតម្រូវការដើម្បីបញ្ឈប់ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន ដោយកត់សម្គាល់ថា វាចាំបាច់ក្នុងការបញ្ចប់ការវាយប្រហារ ដោយយោធារបស់អ៊ីស្រាអែល ភ្លាមៗប្រឆាំងនឹងប្រជាជន នៅតំបន់ហ្គាហ្សា និងរៀបចំដីស ម្រាប់ការផ្តល់ជំនួយមនុស្សធម៌ បន្ថែមទៀតដល់តំបន់ឆ្នេរ។

លោកបានព្រមានអំពី “ផែនការ” របស់អ៊ីស្រាអែល និងការផ្លាស់ទីដោយបង្ខំប្រជាជនប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេ និងការពង្រីកជម្លោះនៅក្នុងតំបន់ ប្រសិនបើការវាយប្រហាររបស់អ៊ីស្រាអែល មិនត្រូវបានបញ្ឈប់។

លោក Amir-Abdollahian បានស្តីបន្ទោស “ការគាំទ្ររបស់សហរដ្ឋអាមេរិកថា ជាកត្តាចម្បងដែលជំរុញឱ្យអ៊ីស្រាអែល បន្តការឈ្លានពានយោធារបស់ខ្លួនប្រឆាំងនឹង និងការសម្លាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សា” ដោយសង្កត់ធ្ងន់ថា គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រអ៊ីស្រាអែល ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអូសបន្លាយ និងពង្រីកជម្លោះ។

លោកបានចង្អុល ទៅកិច្ចសហប្រតិបត្តិការ របស់អ៊ីរ៉ង់ជាមួយ IAEA ដោយនិយាយថា វានឹងបន្តក្នុងក្របខ័ណ្ឌបច្ចេកទេស និងច្បាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ចំណែកប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប បានសង្កត់ធ្ងន់លើតម្រូវ ការកាត់បន្ថយភាពតានតឹង នៅតំបន់ហ្គាហ្សាស្រ្ទីប និងវេសបែង ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ដោយសង្កត់ធ្ងន់ថា អឺរ៉ុប កំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យអ៊ីស្រាអែល ប្តេជ្ញាគោរពច្បាប់អន្តរជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top