អត្ថបទ

ក្រុមហ៊ុន យូនីលឹវើ ពង្រឹងការប្ដេជ្ញាចិត្តចំពោះទីផ្សារកម្ពុជា ជាមួយការសម្ពោធការិយាល័យថ្មី និងអបអរសាទរ ខួប 20 ឆ្នាំ នៃដំណើរការដោយជោគជ័យ

ភ្នំពេញ ថ្ងៃទី 6 ខែ ធ្នូ ឆ្នាំ 2023៖ ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលទំនិញប្រើប្រាស់រហ័សឈានមុខគេ បានប្រារព្ធខួប 20 ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាច្រកកម្ពុជា និងបានសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី5 ខែធ្នូ ដោយមានការចូលរួមពីសំណាក់លោកស្រី Annemarieke de Haan ប្រធានគ្រប់គ្រងផ្នែកផលិតផលថែទាំគេហដ្ឋាននៃក្រុមហ៊ុន យូនីលឹវើ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយិកាក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសថៃ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅការិយាល័យថ្មីរបស់ខ្លួននៅអាគារ Morgan Tower ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរអាជីវកម្មរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា។

ការិយាល័យថ្មីនេះត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ដើម្បីជម្រុញការប្រាស្រ័យទាក់ទង ការសហការ ភាពច្នៃប្រឌិត និងការងារជាក្រុមសម្រាប់បុគ្គលិករបស់ខ្លួន។ ជាមួយនឹងកន្លែងធ្វើការបែបបើកចំហ បរិក្ខារ និងបច្ចេកវិទ្យាទំនើបៗ ការិយាល័យនេះមានគោលបំណងបំផុសគំនិតច្នៃប្រឌិត លើកកម្ពស់វប្បធម៌នៃឧត្តមភាព និងកិច្ចសហការរវាងបុគ្គលិក។

លោកស្រី Annemarieke de Haan ប្រធានគ្រប់គ្រងផ្នែកផលិតផលថែទាំគេហដ្ឋាននៃក្រុមហ៊ុន យូនីលឹវើ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយិកាក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសថៃបានសម្តែងការសាទរចំពោះការិយាល័យថ្មី និងអនាគតរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដោយមានប្រសាសន៍ថា៖ “ការិយាល័យថ្មីនេះតំណាងឱ្យវឌ្ឍភាពមួយសម្រាប់ ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ខណៈដែលយើងកំពុងបន្តវិនិយោគនិងអភិវឌ្ឍន៍ទីផ្សារកម្ពុជាឱ្យកាន់តែរីកចម្រើន ដោយប្តេជ្ញា   ផ្តល់នូវផលិតផលគុណភាពខ្ពស់ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ព្រមទាំងមានផលជាវិជ្ជមានដល់សង្គម និងបរិស្ថាន”។

ឆ្នាំនេះក៏ជាសមិទ្ធិផលដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដែលក្រុមហ៊ុនបានប្រារព្ធខួប 20 ឆ្នាំនៃប្រតិបត្តិការអាជីវកម្មដោយជោគជ័យនៅក្នុងព្រះរាជាណាច្រកកម្ពុជា។ ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា បានដើរតួនាទីយ៉ាងសំខាន់ដោយចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើតឱកាសការងារដោយផ្ទាល់សម្រាប់បុគ្គលិកជាង 160 នាក់ និងដោយប្រយោលប្រមាណ 3,600 នាក់។

គំនិតផ្តួចផ្តើមដ៏គួរឱ្យកត់សម្គាល់មួយរបស់ ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា គឺកម្មវិធីអប្សរា ដែលផ្តល់ឱកាសការងារដល់ស្ត្រីឱ្យធ្វើការផ្នែកលក់នៅជិតផ្ទះរបស់ពួកគេ ដោយពុំចាំបាច់ធ្វើចំណាកស្រុកទៅកាន់ បណ្ដាខេត្ត ទីក្រុង ឬ ប្រទេសជិតខាង ហើយត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេ។ ​

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ចំពោះឧត្តមភាព និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា។ តួយ៉ាងក្រុមហ៊ុនត្រូវបានជាប់ចំណាត់ថ្នាក់ជាអ្នកជាប់ពន្ធខ្ពស់ជាងគេលំដាប់ទី 17 នៅកម្ពុជាក្នុងឆ្នាំ 2022 ហើយត្រូវបានផ្តល់វិញ្ញាបនបត្រធុរជនល្អបំផុត​(Best Trader) 8 ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ 2015។ អស់រយៈពេល 6 ឆ្នាំជាប់ៗគ្នា ក្រុមហ៊ុនបានទទួលពានរង្វាន់ និយោជកឆ្មើមក្នុងប្រទេសកម្ពុជាពីវិទ្យាស្ថាននិយោជក (The Employer Branding Institute)។ ការទទួលស្គាល់ទាំងអស់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ក្រុមហ៊ុន ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសកម្ពុជា។

លោក Doy Concha នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវបានបន្ថែមថា៖ “យើងមានមោទនភាពដែលបានក្លាយជាចលករមួយនៃទីផ្សារកម្ពុជាអស់រយៈពេល 20 ឆ្នាំកន្លងមក ហើយយើងរំភើបចំពោះឱកាសដែលនៅពីមុខពួកយើង​ ហើយនឹងបន្តវិនិយោគលើការអភិវឌ្ឍន៍ធនធានទេពកោសល្យ​ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា។”

លោក លី សុធូ អគ្គនាយកក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសកម្ពុជា និងឡាវ បានថ្លែងអំណរគុណចំពោះក្រុមការងារ ដោយមានប្រសាសន៍ថា៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន។ ខ្ញុំមានទំនុកចិត្តថាជាមួយនឹងការិយាល័យថ្មីរបស់យើង យើងនឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់ពួកយើង និងជម្រុញកំណើនអាជីវកម្មប្រកបដោយចីរភាពនៅក្នុងទីផ្សារប្រទេសកម្ពុជា”។

ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា តែងតែនាំមុខគេក្នុងការគាំទ្ររដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩កន្លងមក។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន បានបរិច្ចាកផលិតផលអាហារសំខាន់ៗ ផលិតផលអនាម័យប្រើប្រាស់ប្រចាំថ្ងៃ និងឧបករណ៍ជំនួយដង្ហើម ដែលមានតម្លៃសរុបជាង 800 លានរៀល ឬ $200,000 ដល់ស្ថាប័ននានាក្នុងប្រទេសកម្ពុជា ហើយយើងនៅតែប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់យើងក្នុងការបង្កើតអនាគតដ៏ត្រចះត្រចង់ ជាមួយការផ្តល់ផលិតផលប្រកបដោយគុណភាព និងនិរន្តរភាព ព្រមទាំងបង្កើតឱ្យមានផលជាវិជ្ជមានដល់សង្គម។

អាស័យដ្ឋានការិយាល័យថ្មីរបស់យើងស្ថិតនៅអគារ ម៉ហ្គេន ជាន់ទី១៥ លេខ៣៨៨ ទីក្រុងកោះពេជ្រ  ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់យើង https://www.facebook.com/UnileverCambodia1.​

-បញ្ចប់-

អំពីក្រុមហ៊ុនយូនីលឹវើ ខេមបូឌា

ក្រុមហ៊ុន យូនីលឹវើកម្ពុជា ជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេ​នៅកម្ពុជា និង បានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម​​តាំងពីឆ្នាំ២០០៣។ បច្ចុប្បន្ននេះ យើងបានបម្រើអ្នកប្រើប្រាស់​ជាង ១៦លាននាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ជាមួយនឹងម៉ាកផលិតផលជាង​២០​មុខ​រាប់តាំងពី ផលិតផល​ថែរក្សាសម្រស់ ផលិតផល​ចំណីអាហារ​ចាំបាច់ ការ៉េម ផលិតផលប្រើប្រាស់​ក្នុងផ្ទះ រួមនឹងម៉ាកល្បីៗ​ដូចជា៖ Dove វីសូពិសេស សាប៊ូសាន់ឡៃ សាប៊ូ Clear សាប៊ូសាន់ស៊ីល ខ្នរ និង​ វ៉ល​​ជាដើម។

យូនីលឹវើ គឺជាក្រុមហ៊ុនផលិតផលទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសជាង ១៩០​ ដោយ​បានបង្កើតការលក់ គិតជាទឹកប្រាក់ប្រមាណ ៦០,១ប៊ីលានអឺរ៉ូ ​កាល​ពី​ឆ្នាំ២០២២។

យូនីលឹវើ កម្ពុជា ​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បី​ក្លាយជាក្រុមហ៊ុនអាជីវកម្មឈានមុខគេប្រកបដោយនិរន្តរភាព និង បង្ហាញពីគំរូអាជីវកម្មដែលដឹកនាំប្រកប ដោយគោលបំណង និងសមស្របទៅអនាគត ជំរុញឱ្យមានដំណើរការល្អលើសគេ និងកំណើនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដែល​បាន​គិតគូរ​ទៅដល់​​ការ​លើកកម្ពស់សុខុមាលភាពភពផែនដី សុខុមាលភាព​មនុស្សជាតិ ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើរភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម។

ក្នុងនាមជាក្រុមហ៊ុនដែលដឹកនាំប្រកបដោយគោលបំណង យើងជឿថាម៉ាកយីហោដែលមានគោលបំណងនឹងរីកចម្រើន ក្រុមហ៊ុនដែលមានគោលបំណងនឹងគង់វង្សយូរអង្វែង ហើយមនុស្សដែលមានគោលបំណងនឹង​អភិវឌ្ឍ។ ដូច្នេះហើយ នៅយូនីលឹវើ កម្ពុជា យើងបានផ្តល់អាទិភាព​ចម្បង​ទៅលើបុគ្គលិក ការពារការងារ និងជីវភាពរស់នៅ​របស់​ពួកគាត់ រក្សាសុវត្ថិភាព និងសុខុមាលភាព កសាងសមត្ថភាព ផ្តល់រង្វាន់ដល់បុគ្គលិករបស់យើងតាមរយៈការទទួលស្គាល់ភាពចម្រុះ និងភាពរួមបញ្ចូលគ្នា ដើម្បីសម្រេចឲ្យ​បាននូវគោលបំណងរបស់យើងគឺ “ធ្វើឱ្យការរស់នៅ ប្រកបដោយនិរន្តរភាពជារឿងធម្មតា”។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com

សម្រាប់ការសាកសួរព័ត៌មាន

លោក គាំ ទីវា ប្រធានផ្នែកទំនាក់ទំនង និងកិច្ចការទំនាក់ទំនងសាធារណៈ

Email: tivea.koam@unilever.com

HP: +855 10 944 544

To Top