ព័ត៌មានជាតិ

កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការ ភាពជាដៃគូសភា ដើម្បីលើកកម្ពស់ផល ប្រយោជន៍រួមរបស់ពលរដ្ឋ

ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានបិទបញ្ចប់ ដោយជោគជ័យ, សម្តេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា រួមជាមួយ លោកប្រធានរដ្ឋសភាឡាវ និង វៀតណាម ក្នុងក្របខ័ណ្ឌសភាតំបន់ CLV បានប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំង៣ ប្រទេស។

លើសពីនេះ ថ្នាក់ដឹកនាំសភាកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ វប្បធម៌ និងសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបានប្តេជ្ញាអនុវត្តតួនាទីត្រួតពិនិត្យ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាប្រយោជន៍រួមដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ CLV-DTA។

កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើង ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម»។

កិច្ចប្រជុំ មានការចូលរួម ពីគណៈប្រតិភូកម្ពុជា គណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវដែលជាម្ចាស់ផ្ទះ និងមានការចូលរួមពីដៃគូរ អភិវឌ្ឍន៍ជាច្រើនទៀតដូចជា តំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) តំណាងធនាគារ ពិភពលោក(WB) តំណាងធនាគារអភិវឌ្ឍន៍ អាស៊ី(ADB) តំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ដែលសរុបចំនួនប្រមាណ ៣០០នាក់ ។

កិច្ចប្រជុំកំពូលសភា កម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ គឺជាការតម្លើងការជួបប្រជុំគ្នារវាងសភាកម្ពុជា ឡាវ និងវៀតណាម ពីកម្រិតគណៈកម្មការ ជំនាញ មកដល់កម្រិតថ្នាក់ដឹកនាំរដ្ឋសភា ស្របតាមកិច្ចព្រមព្រៀង ដែលប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០២២ ក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការសភា គំាទ្រ ដល់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA តាមរយៈការលើកកម្ពស់ យន្តការសភានៃប្រទេសទំាងបី ឱ្យកាន់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ។

នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ កាលពីថ្ងៃទី៥ ខែធ្នូ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា ការពង្រឹងយន្តការសភា ក្នុងការចូលរួមដល់គម្រោង អភិវឌ្ឍន៍ CLV-DTA នាពេលនេះ គឺជាសក្ខីភាពមួយបម្រើ ឱ្យគោលដៅជាយុទ្ធសាស្ត្រ ដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក។

នាឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមក្នុងការជំរុញសេដ្ឋកិច្ច នៅក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះយ៉ាងសម្បូរបែប ដោយឈរលើគំនិតផ្តួចផ្តើម “ប្រទេសបី គោលដៅទេសចរណ៍តែមួយ” ការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល ការបង្កើនសមត្ថភាព និងភាពធន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម (Micro, Small and Medium-sized Enterprises “MSME” និងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ CLV ស្របតាមចក្ខុវិស័យ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជន នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម។

សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍ត្រីកោណ CLV បានបង្កើតនៅឆ្នាំ១៩៩៣ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម មានចំនួន១៣ខេត្ត ក្នុងនោះប្រទេសកម្ពុជាមានចំនួន៤ខេត្ត គឺខេត្តរតគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ចំណែកប្រទេសឡាវ មាន៤ខេត្ត ហើយប្រទេសវៀតណាមមាន ៥ខេត្ត៕

To Top