ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស​ សុខា​ រីករាយចំពោះភាពរីកចម្រើន​ របស់សាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ

ភ្នំពេញ​ ៖​​ លោកឧបនាយករដ្ឋមន្ត្រី ស​ សុខា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កោតសរសើរក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣​ លោកឧបនាយករដ្ឋមន្ត្រី ស​ សុខា​ បានបង្ហាញក្ដីរីករាយចំពោះវឌ្ឍនភាពយ៉ាងលឿនរហ័ស និងប្រកបដោយគុណភាព ដែលសាកលវិទ្យាល័យជាតិមួយនេះសម្រេចបាន ជាក់ស្ដែងនៅថ្ងៃនេះ សាកលវិទ្យាល័យមាននិស្សិតទទួលបានជោគជ័យលើការសិក្សាចំនួន ១.៦៩៣នាក់បន្ថែមទៀត  ចាប់ពីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
លោក បានចាត់ទុកភាពជោគជ័យនេះជាអ្វីដែលរាជរដ្ឋាភិបាលប្រាថ្នាចង់ឃើញ។

លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើទៅកាន់និស្សិតជ័យលាភីទាំងអស់ថា​ ចាប់ពីពេលនេះតទៅ ប្អូនៗនឹងក្លាយជាអ្នកជំនាញ ដែលនឹងត្រូវចូលរួមបំពេញការងារជាក់ស្តែង ក្នុងសង្គម តាមគ្រប់រូបភាព។ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនឹងយកចំណេះដឹងទទួលបាននៅទីនេះ ទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែងតាមវិស័យនីមួយៗ ដូចជាការងារក្នុងស្ថាប័នរដ្ឋ, ការងារក្នុងវិស័យឯកជន អង្គការជាតិ និងអន្តរជាតិនានា ឬក៏ការបើកប្រកបអាជីវកម្មដោយខ្លួនឯង៕

To Top