ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនកំពត ប្រកាសផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រចំនួន ៧មុខជំនាញ

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនកំពត ប្រកាសផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញសំខាន់ៗចំនួន ៧ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់វិទ្យាស្ថានកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នា២០២៣។

វិទ្យាស្ថានបណ្តុះបណ្តាលជំនាញចំនួន ៧មុខវិទ្យាដូចជា ការងារកំបោរ ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំនិងជួសជុលរថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត សេវាកម្មកុំព្យូទ័រ ការកែច្នៃបន្លែ និងផ្លែឈើ។ ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាល សម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបាន ការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល។

ការប្រកាសផ្តល់អាហាររូបករណ៍ ពីវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនកំពតនាពេលនេះ គឺធ្វើឡើងក្រោយពេលដែលរាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាល យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ដើម្បីឱ្យមានជំនាញជាក់លាក់ និងឆាប់មានការងារធ្វើសមរម្យ ៕

To Top