បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់សមភាគីអ៊ីរ៉ង់ លោក Ebrahim Raisi ថារដ្ឋាភិបាលទីក្រុងមូស្គូ និងតេហរ៉ង់ បានបង្កើតទំនាក់ទំនងរឹងមាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាលទ្ធផល បានជំរុញសេដ្ឋកិច្ចរៀងៗខ្លួន។
គួរឲ្យដឹងដែរថា ប្រធានាធិបតីអ៊ីរ៉ង់បានធ្វើដំណើរ មកដល់ក្រុងម៉ូស្គូក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាប្រឈមជាសកល កាន់តែទូលំទូលាយ រួមទាំងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ផង។
លោក Putin បានថ្លែងប្រាប់លោក Raisi ដោយចង្អុល ទៅកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និង ការអប់រំហើយដៃគូផ្សេងៗទៀត ក៏កំពុងវិនិយោគលើផ្លូវដែក របស់អ៊ីរ៉ង់ ដែលគ្រោងនឹងក្លាយជា ផ្នែកមួយនៃច្រករបៀងដឹកជញ្ជូន អន្តរជាតិខាងជើង-ខាងត្បូង (INSTC)។
គួរឲ្យដឹងដែរថា បណ្តាញផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវហាយវេរបស់(INSTC) ដែលលាតសន្ធឹងលើចម្ងាយជាង ៧២០០គីឡូម៉ែត្រ ត្រូវបានរចនាឡើង ដើម្បីភ្ជាប់ទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី នៅលើសមុទ្របាល់ទិក ទៅកាន់ទីក្រុង Mumbai ក្នុងប្រទេសឥណ្ឌាតាមរយៈសមុទ្រ Caspian និងអ៊ីរ៉ង់ហើយ គម្រោងនេះចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ២០០២មក មានប្រទេស សរុបចំនួន ១១ចូលរួម៕
ប្រែសម្រួល៖ស៊ុនលី