ព័ត៌មានជាតិ

CPP៖ សេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញ យ៉ាងរហ័ស បន្ទាប់ពី វិបត្តិកូវីដ-១៩

ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័ស ពីវិបត្តិជំងឺកូវីដ-១៩ បានយាយីសង្គមជាតិ អស់រយៈពេលជិត ៣ឆ្នាំ។

យោងតាមសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើង នៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា « មហាសន្និបាតកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័សពីវិបត្តិជំងឺកូវីដ-១៩ ដែលបានយាយីសង្គមជាតិ អស់រយៈពេលជិត ៣ឆ្នាំ។ការអនុវត្តយ៉ាងប្តូរផ្តាច់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល បានបង្កើតបរិយាកាសល្អប្រសើរ សម្រាប់កម្ពុជាបោះជំហានទៅមុខ ប្រកបដោយជំនឿចិត្ត ដ៏មុតមាំលើមាគ៌ាកែទម្រង់ និងការអភិវឌ្ឍ»។

មហាសន្និបាត បន្ដថា ជាក់ស្ដែងក្នុងឆ្នាំ ២០២៣ កម្ពុជារក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដែលបានលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការប្រើប្រាស់ក្នុងស្រុក។ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបាន ក្នុងរង្វង់ ៥,៦% ហើយនៅឆ្នាំ២០២៤ រំពឹងថា នឹងសម្រេច បានកំណើនក្នុងរង្វង់ ៦,៦% ដែលត្រូវបានគាំទ្រដោយការបន្តនិន្នាការល្អក្នុងវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។

មហាសន្និបាត បន្ថែមថា តាមរយៈនិន្នាការជាវិជ្ជមាននេះ បានបង្ហាញអំពីលទ្ធភាពដែលសេដ្ឋកិច្ចកម្ពុជា កំពុងវិលទៅរក កំណើនប្រកបដោយសក្តានុពលវិញ ដូចគ្រាមុនវិបត្តិជំងឺកូវីដ-១៩៕

To Top