ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សោកស្តាយ ចំពោះការបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការទាមទារ បទឈប់បាញ់ហ្គាហ្សា ហើយការវេតូ របស់អាមេរិក ត្រូវថ្កោលទោស

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) “ចុចដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយបានរំលឹកឡើងវិញនូវការអំពាវនាវ របស់លោកសម្រាប់បទឈប់បាញ់មួយ។

លោក Guterres បានធ្វើការកត់សម្គាល់នេះ នៅឯវេទិកាដូហា ក្នុងប្រទេសកាតា ពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រើសិទ្ធិវេតូ របស់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីលុបបំបាត់ដំណោះស្រាយ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ដំណោះស្រាយដែលស្នើឡើងដោយប្រទេសអារ៉ាប់រួម (UAE) ទទួលបានសម្លេងគាំទ្រចំនួន ១៣ សម្លេងមិនគាំទ្រពីចក្រភពអង់គ្លេស និង ១ វេតូពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គេហទំព័រព័ត៌មានរបស់ អង្គការសហប្រជាជាតិ បានដកស្រង់សម្តីលោក Guterres ដែលឲ្យដឹងក្នុងអំឡុងវេទិកាដូហា ដែលនាំមេដឹកនាំពិភពលោករួមគ្នា ដើម្បីពិភាក្សាអំពីសន្តិសុខសមូហភាព និងបញ្ហាប្រឈមដទៃទៀតថា “វេទិកាលេចធ្លោ សម្រាប់ការដោះស្រាយជម្លោះអន្តរជាតិ ដោយសន្តិវិធីត្រូវបានខ្វិន ទៅមុខមិនរួច ដោយការបែងចែកភូមិសាស្ត្រ” ។

ដើម្បីជំរុញឱ្យមាន បទឈប់បាញ់ភ្លាមៗ នៅតំបន់ហ្គាហ្សាស្ទ្រីប លោក Guterres បានអំពាវនាវកាលពីថ្ងៃពុធ មាត្រា ៩៩ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ស្តីពីហ្គាហ្សា ដែលជាអំណាចកម្រប្រើ ហើយតាមរយៈអត្ថបទនេះ អគ្គលេខាធិការបានទាក់ទាញ ចំណាប់អារម្មណ៍ របស់ក្រុមប្រឹក្សាសន្តិសុខ ចំពោះការពិតដែលថា អ្វីដែលកំពុងកើតឡើងគំរាមកំហែង ដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោក Guterres បានប្រាប់វេទិកាដូហាថា “គួរឱ្យសោកស្ដាយ ក្រុមប្រឹក្សាសន្តិសុខ បានបរាជ័យក្នុងការធ្វើវា ប៉ុន្តែវាមិនធ្វើឱ្យមាន ភាពចាំបាច់តិចជាងនេះទេ ដូច្នេះ ខ្ញុំអាចសន្យាថា ខ្ញុំនឹងមិនបោះបង់ឡើយ”៕

ប្រែសម្រួល ឈូក បូរ៉ា

រូបភាព៖ Xinhua

To Top