ស្វាយរៀង៖ លោកជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអមដំណើរដោយ លោកឈឹម បុរស អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារកសាងផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តដោយ ក្រុមហ៊ុន សំណង់បុរីកម្មករ ខូអិលធីឌី ចំនួន ២គម្រោង។
មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពការងារកសាងផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅខេត្តស្វាយរៀងចំនួនពីរខ្សែដោយខ្សែទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង៥០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហម ទទឹងម្ខាងៗ ១ម៉ែត្រ ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ខ្សែរទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ៣ ៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយខ្សាច់ភ្នំ ទទឹងម្ខាងៗ ០,៥ម៉ែត្រ និងសាងសង់លូមុខមុខមួយ ចំនួន៩កន្លែង លូមុខពីរ ចំនួន ០១កន្លែង ស្ថិតនៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោក ជា ស្រ៑ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថា ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃដើម្បីធានាឲ្យការអនុវត្តការងារត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលធានាឲ្យមានប្រសិទ្ធិភាពក្នុងការស្ថាបនាផ្លូវកាន់តែមានគុណភាព និងសោភ័ណភាព។
លោក ក៏បានបញ្ជាក់ផងដែរថា ការស្ថាបនាផ្លូវជនបទនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់សាលារៀន មណ្ឌលសុខភាព និងជាពិសេសការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល។
លោក ក៏បានផ្ដាំផ្ញើដល់ក្រុមមន្ត្រីបច្ចេកទេស និងប្រជាពលរដ្ឋនៅតំបន់នោះ ចូលរួមថែរក្សានិងការពារសមិទ្ធផលទាំងនេះដើម្បីការប្រើប្រាស់បានគង់វង្ស និងយូរអង្វែងនិងចាត់ទុកថាផ្លូវនេះជារបស់យើងទាំងអស់គ្នា។ដោយសហការី



