ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសតែងតាំងមន្ត្រី ៤ រូប ជាប្រធានមណ្ឌលសុខភាព និងមន្ត្រី ១៣រូប ក្នុងរចនាសម្ព័ន្ធមន្ទីរ សុខាភិបាល និងប្រកាស បញ្ចប់មុខតំណែង មន្ត្រី ១រូប

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាស តែងតាំងមន្ត្រី ៤ រូប ជាប្រធានចូលកាន់តំណែង ជាប្រធានមណ្ឌលសុខភាព និងមន្ត្រី ១៣ រូបទៀត ក្នុងរចនាសម្ព័ន្ធមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម និងបានប្រកាសបញ្ចប់មុខតំណែង មន្ត្រី ១រូប ចេញពីអនុប្រធានមណ្ឌល សុខភាពដូនធី ផងដែរ ។

ពិធីប្រកាសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២៣ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៥ អាណិតទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលនៃគណ: អភិបាលខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីដែលទើបតែ បានប្រកាស ឲ្យចូលកាន់ មុខតំណែងថ្មី សូមឱ្យយកចិត្តទុកដាក់ធ្វើការងារ ក្នុងការបម្រើសេវាសុខភាព ដល់ប្រជាពលរដ្ឋឲ្យបានល្អ ស្របទៅតាមការ ជឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងអនុវត្តការងារឱ្យស្របទៅតាមកម្មវិធី នយោបាយរបស់រដ្ឋាភិបាលផងដែរ ។

លោកអភិបាលខេត្ត សូមឱ្យប្រធានមណ្ឌល សុខភាពទាំង ៤ រូប សូមបញ្ចូលនូវស្មារតីសាមគ្គីភាព ដែលការដឹកនាំ ដោយមានគុណធម៌នៅក្នុងចិត្ត ទើបអង្គភាពមានការរីកចម្រើន និងទទួលបានជោគជ័យលើភារកិច្ចរបស់ខ្លួន ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៥ គឺ ៖ 

ទី១ ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

ទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង របាយការណ៍ បូកសរុបលទ្ធផល ការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម ។

ទី៣ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង របាយការណ៍បូកសរុប លទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។

ទី៤ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង ផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្តកំពង់ចាម។

ទី៥ ៖ បញ្ហាផ្សេងៗ ៕

To Top