ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិស លើទស្សនទាន នៃការរៀបចំក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដ បញ្ចកោណដំណាក់កាលទី១ រួមទាំងផែនការការងារ និងពេលវេលា សម្រាប់ការរៀបចំ និងដាក់ចេញក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រកប ដោយភាពគ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានគុណភាព ដើម្បីធានាប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព នៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសារៈសំខាន់ នៃការចាប់ផ្តើមវដ្តថ្មី នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានកំណត់យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, យន្តការជំរុញការអនុវត្ត និងយន្តការអនុវត្ត ដែលជាផ្នែកមួយដ៏ចាំបាច់ សំដៅធានាការអនុវត្តយុទ្ធសាស្រ្តនេះ ឱ្យទទួលបានជោគជ័យ និងផ្លែផ្កាខ្ពស់។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់ការណែនាំ ដល់អគ្គលេខាធិការដ្ឋាន គ.យ.ប. ឱ្យពន្លឿនការបញ្ចប់ទស្សនាទាន នៃរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះឱ្យចប់សព្វគ្រប់ ស្របតាមស្មារតីនៃអង្គប្រជុំ ដើម្បីដាក់ជូន គ.យ.ប. ពិនិត្យ និងតម្រង់ទិស និងបានផ្តល់នូវគោលការណ៍ណែនាំ ឱ្យបន្ដសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍ ដើម្បីមូលធាតុចូលលើទស្សនាទាន នៃការរៀបចំ ជាពិសេសការកំណត់ សូចនាករសមិទ្ធកម្មគន្លឹះ សម្រាប់ដាក់បញ្ចូល ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានរក្រើនរំលឹកថា ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ដូចបានគូសរំលេច ក្នុងសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕
សូមរំលឹកថា នៅក្នុងអង្គប្រជុំ ក៏មានការធ្វើបទបង្ហាញ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) ស្តីពីទស្សនាទានរួម, គោលការណ៍, អភិក្រម, យន្តការស្ថាប័ន, បទពិសោធកន្លងមក និងឧត្តមានុវត្តន៍អន្តរជាតិ ក្នុងការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ វាយតម្លៃ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ដើរតួជាប្រព័ន្ធប្រតិតុល្យការ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាថា ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ និងគណៈកម្មាធិការ ទាំងថ្នាក់ជាតិនិងថ្នាក់ជាតិ ដែលជាអង្គភាព អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បំពេញតួនាទី និងភារកិច្ចក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ជូនប្រជាពលរដ្ឋ វិនិយោគិន និងសាធារណជន ប្រកបដោយគណនេយ្យភាពខ្ពស់៕