ព័ត៌មានជាតិ

ឧកញ៉ាបណ្ឌិត ឡី សុភាព៖ សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិល” បានគាស់រម្លើងប្រវត្តិសាស្ត្រ និងវីរភាព​ សមត្ថភាព របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ លោកឧកញ៉ាសមូលហកបណ្ឌិត ឡី សុភាព ប្រធានសមាគម​ សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគម សម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានបង្ហាញនូវការគាំទ្រ និងបញ្ចេញទស្សនៈរបស់ខ្លួនថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិល” គឺបានគាស់រម្លើងប្រវត្តិសាស្ត្រ និងបង្ហាញពីវីរភាព និងសមត្ថភាពពេញលេញ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេសជាតិ ។

ការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត ឡី សុភាព បានធ្វើឡើងក្នុងកម្មវិធីប្រគល់-ទទួល សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិល” ក្រោមអធិបតីភាព លោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ។

លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា “អ្នកដែលបានកាន់សៀវភៅនេះ១ក្បាល​ គឺស្មើទៅនឹងអ្នកដែលជាម្ចាស់ទឹកម្ចាស់ដី ហើយនឹងអ្នកដែលមានការគាំទ្រ​ សម្តេចធិបតី ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ បានកាន់សៀវភៅនេះ នឹងបានដឹងអំពីទឹកចិត្ត និងមនោសញ្ចេតនាស្នេហាជាតិ និងប្រជាជនរបស់សម្តេចមហាបវធិបតី នាយករដ្ឋមន្ត្រី ថាតើសម្តេចបានលះបង់អ្វីខ្លះ សម្រាប់ជាតិមាតុភូមិ ហើយនឹងមានសមត្ថភាពគ្រប់គ្រាន់​ សម្រាប់ការដឹកនាំជាតិយ៉ាងណា គឺយើងមើលសៀវភៅនេះ យើងនឹងដឹងពីវីរភាព និងសមត្ថភាពពេញលេញ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត” ។

លោកឧកញ៉ាបណ្ឌិត ប្រធានសមាគមរូបនេះ បានបញ្ជាក់ថា “សៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិល ១ក្បាលនេះ គឺមិនអាចកាត់តម្លៃបានទេ ព្រោះជាប្រវត្តិសាស្ត្រជាតិ និងប្រជាជនកម្ពុជា” ។

លោកឧកញ៉ាបណ្ឌិត ឡី សុភាព ក៏បានលើកឡើងថា “ខ្ញុំតែងតែគាំទ្រ អ្នកដែលមានសមត្ថភាព ការស្រាវជ្រាវ ការរៀបចំ នូវសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពលនេះ គឺសំខាន់ណាស់ បានន័យថាគាស់រម្លើងប្រវត្តិសាស្ត្រជាតិ និងគាំទ្រទៅដល់បញ្ញាវន្ត ឬអ្នកប្រាជ្ញ ដែលមានទឹកចិត្តនិងឆន្ទៈ និងអត់ធ្មត់​ សរសេរសៀវភៅនេះឡើង ព្រោះមិនមានច្រើនអ្នកទេ” ។

ក្នុងនោះដែរ ឧកញ៉ាបណ្ឌិត ឡី សុភាព ក៏បានឲ្យដឹងដែរថា ការប្រគល់ និងទទួលសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” គឺជាសក្ខីភាពបង្ហាញ​ ឲ្យឃើញពីការយកចិត្តទុកដាក់ និងការផ្សារភ្ជាប់ មនោសញ្ចេតនាដ៏ជ្រាលជ្រៅ​ របស់ថ្នាក់ដឹកនាំ ជាមួយវិនិយោគិន ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ាបណ្ឌិត បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតកម្ពុជា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួន សម្រាប់កិច្ចខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវចងក្រងសៀវភៅ និងក្រុមការងារសៀវភៅ”កូនប្រុសច្បងដ៏មានឥទ្ធិពល”ផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ទាក់ទងទៅនឹងការស្រាវជ្រាវ និងការសរសេរសៀវភៅនេះ លោកបានសរសេរសាកល្បង តាំងពីឆ្នាំ២០១៣ ដោយកាលនោះ ទើបតែចាប់ផ្តើមជាមួយចំណងជើង “កូនប្រុសច្បង” ទទេរ តែបន្ទាប់ពីធ្វើការស្រាវជ្រាវ ពីឆ្នាំ២០១៣ មកដល់ឥឡូវនេះ ក៏បានឃើញថា សម្តេចធិបតី មិនត្រឹមតែជាកូនប្រុសច្បងប៉ុណ្ណោះទេ តែសម្តេចគឺជាមនុស្សដ៏មានឥទ្ធិពល អញ្ជើងហើយបានជាលោក បំពេញបន្ថែមចំណងជើង “កូនប្រុសច្បងដ៏មានឥទ្ធិពល” នេះឡើងមក ។

ដោយក្នុងនោះ លោក ពៅ សុខ បានបញ្ជាក់ថា ការសរសេរសៀវភៅពេញលេង លោកបានចំណាយពេល៨ខែ ជាមួយនឹងខ្លឹមសារជាង៤០០ទំព័រ៕

To Top