ភ្នំពេញ ៖ សម្រាប់បងប្អូនខ្មែរ ដែលមានបំណងចង់ ទៅបម្រើការងារ នៅប្រទេសជប៉ុន ត្រៀមៗ ឱកាសល្អបានមកដល់ហើយ បន្ទាប់ពីរាជរដ្ឋាភិបាល បានចរចារួចរាល់ នៅឆ្នាំក្រោយនេះ អាចបន្ថែមបានជាង ៨ពាន់កន្លែងទៀត ។
យោងតាមការលើកឡើង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ ដឹកនាំដោយ លោក ហេង សួរ ជាសេនាធិការ បានធ្វើការចរចាជាមួយភាគីជប៉ុន ដើម្បីអាចពង្រីកការងារបន្ថែមជូនពលរដ្ឋខ្មែរ រហូតដល់ខ្ទង់៨ពាន់នាក់បន្ថែមទៀត នៅឆ្នាំក្រោយ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ពាក់ព័ន្ធទៅនឹងជ្រុងមួយ នៃគោលនយោបាយសេដ្ឋកិច្ចរបស់យើង គឺបង្កើតការងារ បរិមាណ និងគុណភាព ការងារគ្រប់វិស័យ ដែលយើងត្រូវជំរុញ គ្រប់ទីកន្លែងដែលយើងត្រូវជំរុញក្នុងប្រទេស បូកជាមួយជម្រើសនៅក្រៅប្រទេស” ។
សម្តេចធិបតី បន្តថា “បងប្អូននៅទីនេះ មានជាកម្មសិក្សាការីជាច្រើន ឱកាសយើងនៅទីនេះ ជាជម្រើសរបស់បងប្អូន ប្រសិនបើយើងមិនប្រកាន់ជំហរ មានអ្នកនយោបាយខ្លះ ឲ្យតែនិយាយពីបងប្អូនក្រៅប្រទេសថា ខ្មែរ រដ្ឋាភិបាល បញ្ជូនកូនចៅខ្មែរ ទៅធ្វើខ្ញុំកញ្ជះគេ “ ។
ក្នុងនោះដែរ សម្តេចនាយករដ្ឋមន្ត្រី បន្តថា “អ្វីដែលរាជរដ្ឋាភិបាលបានធ្វើ មិនខុសពីប្រទេសផ្សេងៗទេ យើងបង្កើតជម្រើស ហើយនៅប្រទេសជប៉ុន មកដល់ម៉ោងនេះ យើងមានជិត៣ម៉ឺននាក់ សរុបទាំងប្រជាពលរដ្ឋខ្មែរ ជិត៣ម៉ឺននាក់ ហើយក្នុងនោះភាគច្រើនជាកម្មសិក្សាការីនៅទីនេះ” ។
សម្តេចធិបតី បានបញ្ជាក់ថា “ហើយយើងកំពុងចរចា ឆ្នាំក្រោយអាចពង្រីកបន្ថែមទៀត មកជប៉ុននេះ អាចបានខ្ទង់៨ពាន់នាក់ថែមទៀត ពង្រីកបន្ថែមសម្រាប់បងប្អូនប្រជាពលរដ្ឋ ។រដ្ឋាភិបាលខំពង្រីកបន្ថែម សួរថាតើដើម្បីបញ្ជូនខ្មែរ ទៅធ្វើខ្ញុំគេមែនទេ គឺអត់ទេ ដើម្បីបង្កើតឱកាស កុំលាបពណ៌ កុំប្រើពាក្យនេះ” ៕