ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីប៉ុន្មានថ្ងៃមកនេះ បង្កឡើងដោយយុវជនម្នាក់ រហូតភាគីម្ខាងទៀតបាត់បង់ជីវិត បានធ្វើឲ្យមានការវែកញែកជាហូរហែរ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។
បើតាមហ្វេសប៊ុករបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នាថ្ងៃ១៩ ធ្នូនេះ បានឲ្យដឹងថា “ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់” ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរាត្រីថ្ងៃ១៤ ធ្នូ ដែលម្ចាស់រថយន្ត Jeep overland ពាក់ស្លាក់លេខ2CB-9963ភ្នំពេញ បើកបករដោយយុវជនម្នាក់ឈ្មោះព្រហ្ម វិចិត្រសុសក្តា ដែលគេដឹងថា ជាកូនប្រុសរបស់លោកមេធាវី ព្រហ្ម វិចិត្រសភា មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានប្រពន្ធឈ្មោះ សុខ លីណា ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាហួសចិត្តគ្រប់គ្នា ក្រោយឃើញប្រពន្ធអ្នកស្លាប់ក្នុងហេតុការណ៍នេះបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក គឺក្រុមគ្រួសារជនបង្កដែលមានលោកមេធាវី ព្រហ្ម វិចិត្រសភា និងភរិយាបានយកថវិកា១ពាន់ដុល្លារចូលបុណ្យសព អមដោយពាក្យ ឲ្យក្រុមគ្រួសារជនរងគ្រោះដកពាក្យបណ្តឹងចេញទៅ បើមិនចង់ខូចអនាគតទាំងសងខាង ៕