បរទេស៖ លោក Leo Varadkar នាយករដ្ឋមន្ត្រីនៃប្រទេសអៀរឡង់ បាននិយាយនៅក្នុងបទសម្ភាសមួយ ជាមួយក្រុមអ្នកផលិតវិដេអូរុស្ស៊ី Vovan និង Lexus ដែលបានបង្ហោះកាលពីថ្ងៃអង្គារថា អ៊ុយក្រែនក្លាយជាសមាជិកពេញសិទ្ធិ របស់សហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះគឺ មិនទំនងជានឹងអាចទៅរួចនោះឡើយ ។
នៅក្នុងវីដេអូមួយដែល បានបង្ហោះកាលពីថ្ងៃអង្គារ ជនជាតិរុស្សីដែលមានតួនាទីជាមន្ត្រីអាហ្រ្វិក បានសួរមេដឹកនាំអៀរឡង់ អំពីសមាជិកភាពដ៏មានសក្តានុពល របស់ទីក្រុងគៀវនៅក្នុងប្លុកនេះ។
ជាការឆ្លើយតបលោក Varadkar បាននិយាយថា ទោះបីជាប្រទេសរបស់លោកបានគាំទ្រ ដល់ការចាប់ផ្តើមការចរចាចូលជា សមាជិកជាមួយអ៊ុយក្រែនក៏ដោយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាកិច្ចពិភាក្សាបែបនេះ មាននិន្នាក្នុងការចំណាយពេលវេលាវែង។
គួរឲ្យដឹងដែរថាការអត្ថាធិប្បាយ របស់លោកបានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអឺរ៉ុប បានសម្រេចចិត្តកាលពីសប្តាហ៍មុន ដើម្បីបើកកិច្ចពិភាក្សាការ ចូលជាសមាជិកជាមួយអ៊ុយក្រែន បើទោះបីជាមានការប្រឆាំងពីប្រទេស សមាជិកមួយចំនួនដូចជាហុងគ្រី និងស្លូវ៉ាគី ដែលបានប្រកែកថាក្រុងកៀវ នៅមិនទាន់ត្រៀមខ្លួនដើម្បីបើកការចរចា ក៏ដោយ៕
ប្រែសម្រួល៖ ស៊ុន លី