ព័ត៌មានជាតិ

ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងការងារ ណែនាំឱ្យជ័យលាភីអាហារូបករណ៍ ប្រឹងប្រែងសិក្សារៀនសូត្រ និងធ្វើជាភ្នាក់ងារផ្សព្វផ្សាយដ៏ល្អ របស់ជាតិ

ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រស់រដា្ឋភិបាលអូស្ត្រាលី២០២៤-២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបជាមួយនិស្សិតជ័យលាភីចំនួន២៥រូប លោកស្រី​សុវណ្ណ វណ្ណារតន៍ បានផ្តាំទៅកាន់ជ័យលាភីទាំងអស់ឱ្យធ្វើជាភ្នាក់ងារដ៏ល្អរបស់កម្ពុជាក្នុងការផ្សព្វផ្សាយពីសង្គមជាតិ ពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាទៅកាន់និស្សិតអន្តរជាតិដែលនឹងសិក្សាជាមួយគ្នាឱ្យអន្តរជាតិបានដឹងនិងយល់ពីស្ថានភាពពិតជាក់ស្តែងរបស់កម្ពុជាដែលជាប្រទេសពោពេញដោយសន្តិភាព និងស្ថេរភាពនយោបាយ។

បន្ថែមពីនេះ លោកស្រី​ បានជំរុញឱ្យនិស្សិតទាំងអស់ប្រឹងប្រែងក្នុងការក្រេបជញ្ជក់ចំណេះដឹង និងដកស្រង់បទពិសោធន៍របស់អន្តរជាតិពេលកំពុងសិក្សា និងក្រោយការត្រឡប់មកមាតុភូមិវិញអាចចូលរួមការអភិវឌ្ឍសង្គមជាតិឬជាមួយរដ្ឋាភិបាលប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអ្នកមានឆ្នាំ២០៥០ខណៈដែលធនធានមនុស្សជាកតត្តាមិនអាចកាត់ផ្តាច់បានក្នុងការសម្រេចមហិច្ឆតានេះ៕

To Top