ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា ស្នើឆែកជួយពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំង២ ឲ្យកាន់តែសកម្ម

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបានស្នើដល់សាធារណរដ្ឋឆែកជួយពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា និងរដ្ឋសភាឆែក ឲ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ព្រមទាំងស្នើពិនិត្យលទ្ធភាពលើកកម្ពស់ទំហំពាណិជ្ជកម្ម។

ការស្នើរបស់សម្តេច ឃួន សុដារី ក្នុងឱការអនុញ្ញាតឲ្យលោក ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូត ឆែក ប្រចាំកម្ពុជាចូលជួបសវនាការ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងជំនួបសម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសាធារណរដ្ឋឆែក ជាមិត្តចាស់របស់កម្ពុជា គឺជាមិត្តល្អ ដែលបានជួយតាំងពីគ្រាដែលកម្ពុជាជួបការលំបាក នាដើមទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។ ឆែកបានជួយកម្ពុជា ស្ទើគ្រប់វិស័យប៉ុន្តែទំនាក់ទំនងកិច្ចសហប្រតិបត្តិការខាងនីតិប្បញ្ញត្តិនៃប្រទេសទាំង២ នៅមានកម្រិតដែលគួរពង្រឹងពង្រីកបន្ថែមទៀត នៅពេលនេះ។

សម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អរវាង ប្រទេសទាំង២ មិនត្រឹមនាំមកនូវផលប្រយោជន៍ សេចក្តីសុខ ការរីកចម្រើនសម្រាប់កម្ពុជានិងឆែកនោះទេ តែទំនាក់ទំនងល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងរដ្ឋសភាកម្ពុជា និងឆែក នឹងរួមចំណែកដល់ការកសាងបាននូវសុខសន្តិភាព ស្ថិរភាព សង្គម ព្រមទាំងការអភិវឌ្ឍ ប្រកបដោយចីរភាពដល់ពលរដ្ឋនៅក្នុងសកលលោក។ 

សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា «ការពង្រឹងគោលការណ៍ពហុនិយមមានសារៈសំខាន់នៅក្នុងកាលៈទេសៈដែលពិភពលោកស្ថិតនៅក្នុងស្ថានភាពហានិភ័យខ្ពស់ដូចពេលបច្ចុប្បន្ននេះ»។

ចំណែក លោកទូតបានគាំទ្រការលើកឡើងរបស់សម្តេចរដ្ឋសភា និងបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់រដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលកំពុងធ្វើការយ៉ាងសកម្ម និងស្វាហាប់នៅក្នុងការដឹកនាំប្រទេសជាតិ។ 

លោកបញ្ជាក់ថា ឆែកនៅតែបន្តជួយគាំទ្រដល់ការអភិវឌ្ឍ នៅកម្ពុជាបន្តទៀត។ ដោយកន្លងមកសាធារណរដ្ឋឆែក បានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា លើវិស័យមួយចំនួន ដូចជាការអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅទីជនបទជាដើម។

នៅក្នុងបេសកកម្មការទូតនៅកម្ពុជា លោក ម៉ាទីន វ៉ាវរ៉ា បានសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំង២ឲ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង៕

To Top