កីឡា

ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយ ១៤ គ្រឿង ការប្រកួតកាយសម្ព័ន្ធជើងឯកជាតិ និងពានរង្វាន់លោកទេសរដ្ឋមន្ត្រី ថោង ខុន លើកទី៧

ភ្នំពេញ ៖ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាកិត្តិយសក្នុង ពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡាកាយសម្ព័ន្ធជើង ឯកជាតិ ឆ្នាំ២០២៣ និងប្រកួតដណ្ដើមពានរង្វាន់លោកទេសរដ្ឋមន្ត្រី ថោង ខុន លើកទី៧ ដែលប្រព្រឹត្តទៅនៅសាលហ្វឹកហាត់ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។

ក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៤ គ្រឿង ក្នុងនោះមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរឹទ្ធ ២ គ្រឿង ខេត្តកំពង់ឆ្នាំងឈរលេខ២ ដោយដណ្ដើមបានមេដាយសរុប ១៣ គ្រឿង ដណ្តើមមេដាយមាស ៥ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរឹទ្ធ ៣ គ្រឿង រីឯខេត្តក្រចេះដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និង គ្រឿងសំរឹទ្ធ ៧ សរុប ១០គ្រឿង និងក្រសួងការពារជាតិដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងសំរឹទ្ធ ១ គ្រឿងសរុប ២គ្រឿង ។

លោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជាបានលើកទឹកចិត្ត និងជំរុញឲ្យថ្នាក់ដឹកនាំ សហព័ន្ធបន្ដការខិតខំប្រឹងប្រែងនិងដកស្រង់ បទពិសោធន៍បច្ចេកទេស ពីរាល់ការប្រកួតអន្ដរជាតិ និងបង្កើនសមត្ថភាពអាជ្ញា កណ្ដាល-ចៅក្រម និងគ្រូបង្វឹក គ្រូជំនួយដើម្បីយកចំណេះដឹង និងបទពិសោធន៍ ទាំងអស់មកបង្ហាត់បង្រៀន និងពង្រឹងកីឡាករ-កីឡាការិនី ឲ្យកាន់តែមានសមត្ថភាពខ្ពស់ ឆ្ពោះទៅប្រជែងមេដាយជូនជាតិបន្ថែមទៀត ពិសេសការប្រកួតកីឡា SEA GAME ២០២៥លើកទី៣៣ នៅប្រទេសថៃ និងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។

លោកប្រធានបន្តថា ដើម្បីជំរុញការរៀបចំ ឲ្យប្រភេទកីឡា កាយសម្ព័ន្ធ កាន់តែរីកចម្រើន ទាំងបរិមាណ និងគុណភាពកម្រិតខ្ពស់ឆ្ពោះ ទៅសម្រេចគោលដៅការប្រកួតទាំងអស់ ដូចជាបណ្ដុះបណ្ដាល កីឡាករកីឡាការិនីថ្នាល តាមកម្រិតអាយុ និងបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់។ ពង្រឹងសមត្ថភាពចៅក្រោមមន្ដ្រីបច្ចេកទេសគ្រូបង្វឹកនិងគ្រូជំនួយឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ។

ជំរុញឲ្យមានការរៀបចំការ ប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្ដាលសមាគម និងក្លិប។ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង សហព័ន្ធសមាគម និងក្លិប ដែលមាន រួចមក ហើយឲ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍន៍ បន្ថែមទៀត និងជំរុញឲ្យមានការចូល រួមប្រកួតលក្ខណៈអន្ដរជាតិបានច្រើនរៀងរាល់ឆ្នាំ ។

បើតាមការឲ្យដឹងពីលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្រតិភូ មន្ដ្រីបច្ចេកទេស មានកីឡាករ-កីឡាការិនីជាង ១០០នាក់ មកពី ៨ក្លិប ស្មើនឹង ៤រាជធានី-ខេត្តចូលរួម ។ យោងតាមការវាយតម្លៃបច្ចេកទេស កីឡាករ-កីឡាការិនីទាំងអស់មានកា រកើនឡើងផ្នែកបច្ចេកទេសជាងឆ្នាំមុននិង មានកិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធយ៉ាងល្អប្រសើរ ដែលជំរុញឲ្យការប្រកួត ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕

To Top