បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំក្រុមលោក Abdel-Malek al-Houthi បានព្រមានកាលពីថ្ងៃពុធថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក អាចនឹងត្រូវបានវាយប្រហារ ប្រសិនបើក្រុម Houthi របស់យេម៉ែន ត្រូវបានកំណត់គោលដៅដោយទីក្រុងវ៉ាស៊ីនតោននោះ។
មេដឹកនាំក្រុមលោក Abdel-Malek al-Houthi បានចេញការព្រមាននេះកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រតិកម្មទៅនឹងព័ត៌មានរបស់សហរដ្ឋអាមេរិក បង្កើតក្រុមចម្រុះ ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ពួកគេលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។
តាំងពីខែមុនមក ក្រុមសកម្មប្រយុទ្ធនេះបានបាញ់មីស៊ីលលើនាវាអន្តរជាតិដែលបើកកាត់សមុទ្រក្រហម។ ការវាយប្រហារបាននិងកំពុងរំខានដល់ចរាចរណ៍ផ្លូវសមុទ្រ ដោយក្រុមនេះអះអាងថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
គួរឲ្យដឹងដែរថាកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd J. Austin បានប្រកាសប្រតិបត្តិការ Prosperity Guardianដែលប្រមូលផ្តុំប្រទេសចំនួន១០ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខនៅសមុទ្រក្រហមភាគខាងត្បូង និងឈូងសមុទ្រ Aden ដោយមានគោលដៅធានានូវសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រទេសទាំងអស់ និង ពង្រឹងសន្តិសុខ និងវិបុលភាពក្នុងតំបន់៕
ប្រែសម្រួល៖ស៊ុនលី